
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិធីសាស្រ្តឯកតោភាគីរបស់អឺរ៉ុប ចំពោះបញ្ហាអ៊ីរ៉ង់ និងការបន្តជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសគឺ “មិនអាចទទួលយកបាននោះទេ” ។
លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេស្ប៉ាញលោក Jose Manuel Albares ដែលក្នុងនោះភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហា ដែលមានផលប្រយោជន៍រួមផងដែរ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។
ដោយថ្កោលទោសទង្វើ “មិនត្រឹមត្រូវ” ដោយរដ្ឋលោកខាងលិចមួយចំនួន ដើម្បីបណ្តេញអ៊ីរ៉ង់ចេញពីគណៈកម្មការ ស្តីពីស្ថានភាពស្ត្រី (CSW) លោក Amir-Abdollahian បានលើកឡើងថា សកម្មភាពនេះគឺជាការប៉ុនប៉ង ដើម្បីលុបបំបាត់ ឱកាសសម្រាប់ការសន្ទនា។
ក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេ អ្នកការទូតកំពូលរបស់អ៊ីរ៉ង់បានអំពាវនាវឱ្យមានការពង្រីកទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងម៉ាឌ្រីដ នៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Albares បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលរបស់លោក ក្នុងការបន្តការសន្ទនា ជាមួយអ៊ីរ៉ង់ និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើង។ នៅថ្ងៃទី១៤ ខែធ្នូ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលស្នើឡើងដោយសហរដ្ឋអាមេរិកដើម្បីដកអ៊ីរ៉ង់ចេញពី CSW ៕
ប្រែសម្រួល ឈូក បូរ៉ា
