ព័ត៌មានអន្តរជាតិ

តួកគី ជំរុញឲ្យស៊ុយអែត ចាត់វិធានការជាក់ស្ដែង ​សម្រាប់​ការចូលជាសមាជិកភាព ​ណាតូ​

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេស តួកគី លោក Mevlut Cavusoglu បានឲ្យដឹងថា ប្រទេសស៊ុយអែត មិនបានចាត់វិធានការ ជាក់លាក់គ្រប់គ្រាន់ ដើម្បីធ្វើបត្យាប័នមនុស្ស ដែលទីក្រុងអង់ការ៉ា មើលឃើញថាជាភេរវករ និងបង្កកទ្រព្យសម្បត្តិ របស់ពួកគេនោះទេ ខណៈដែលស៊ុយអែត ព្យាយាមបញ្ចុះបញ្ចូល តួកគីឱ្យផ្តល់សច្ចាប័ន លើការដេញថ្លៃរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ។

លោក Cavusoglu បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីស៊ុយអែតលោក Tobias Billstrom ដែលធ្វើទស្សនកិច្ចថា “ពួកគេបាននិរទេសបុគ្គល ដែលមានទំនាក់ទំនងជាមួយ PKK (គណបក្សពលករឃឺដខុសច្បាប់) ទៅកាន់ប្រទេសរបស់យើង។ ទាំងនេះគឺជាជំហានក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែមិនមានការអភិវឌ្ឍន៍ជាក់ស្តែងណាមួយ ទាក់ទងនឹងការធ្វើបត្យាប័ន ឧក្រិដ្ឋជន ពាក់ព័ន្ធនឹងភេរវករ និងការបង្កកទ្រព្យសម្បត្តិភេរវករនោះទេ” ។

រដ្ឋមន្ត្រីបានលើកឡើងថា ការសម្រេចចិត្តរបស់តុលាការ ស៊ុយអែត ក្នុងការបដិសេធការទាមទារ របស់តួកគីក្នុងការធ្វើបត្យាប័ន អ្នកកាសែត Bulent Kenes ដែលទីក្រុងអង់ការ៉ា ចោទប្រកាន់ថា ជាសមាជិកនៃចលនា Gulen គឺជា “ការអភិវឌ្ឍន៍អវិជ្ជមានយ៉ាងខ្លាំង” ។

លោក Cavusoglu បានឲ្យដឹងផងដែរថា សេចក្តីថ្លែងការណ៍របស់ស៊ុយអែត អំពីការដកការរឹតបន្តឹង ចំពោះតួកគីលើផលិតផលឧស្សាហកម្ម ការពារជាតិ មានភាពវិជ្ជមាន ប៉ុន្តែក្រុមហ៊ុនការពារជាតិតួកគី មិនទាន់ទទួលបានការឆ្លើយតបជាវិជ្ជមាន ចាំបាច់ក្នុងការនាំចូលផលិតផល មួយចំនួននោះទេ។

លោក Billstrom បានលើកឡើងថា “ស៊ុយអែតរក្សាការសន្យារបស់ខ្លួន។ យើងប្រកាន់យកកិច្ចព្រមព្រៀងនេះយ៉ាងខ្លាំង។ យើងបានចាប់ផ្តើមចាត់វិធានការរបស់យើងសម្រាប់កថាខណ្ឌនីមួយៗ ហើយយើងនឹងបន្តអនុវត្តវា”។

រដ្ឋមន្ត្រីស៊ុយអែតបានបន្ថែមថា “PKK ប្រហែលជាមិនមែនជាការគំរាមកំហែងដ៏ធំ នៅក្នុងប្រទេសស៊ុយអែតនោះទេ ប៉ុន្តែវាពិតជាការគំរាមកំហែងដ៏សំខាន់បំផុត ចំពោះតួកគី ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top