ព័ត៌មានអន្តរជាតិ

ថៃ ត្រៀមខ្លួនទទួលយក ភ្ញៀវទេសចរចិន ក្រោយក្រុងប៉េកាំង ប្រកាសបន្ធូរបន្ថយការរឹតបន្តឹង លើជើងហោះហើរអន្តរជាតិ

បាងកក៖ ក្នុងនាមជាប្រទេសមួយ ក្នុងចំនោមប្រទេសដែលពឹងផ្អែក លើវិស័យទេសចរណ៍ជាច្រើន ប្រទេសថៃ កំពុងទន្ទឹងរង់ចាំការត្រឡប់មកវិញ នៃភ្ញៀវទេសចរចិន បន្ទាប់ពីមានការប្រកាសកាលពីពេលថ្មីៗនេះ របស់ប្រទេសចិន អំពីការបន្ធូរបន្ថយការរឹតបន្តឹង លើជើងហោះហើរអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បានប្រាប់កាសែត កាលពីថ្ងៃសៅរ៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានដឹងថា ប្រទេសចិន នឹងអនុវត្តវិធានការត្រួតពិនិត្យព្រំដែនថ្មី ចាប់ពីថ្ងៃទី០៨ ខែមករា តទៅ នេះគឺជាដំណឹងល្អដែលរង់ចាំ ជាយូរមកហើយ សម្រាប់ប្រទេសថៃ” ។

ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិន មានចំនួន ២៨ ភាគរយនៃភ្ញៀវទេសចរអន្តរជាតិជិត ៤០លាននាក់ នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បន្ត​ថា ក្រសួង​ពាក់ព័ន្ធ​ដូចជា​ទេសចរណ៍ សុខាភិបាល និង​ដឹកជញ្ជូន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សម្របសម្រួល និង​រៀបចំ​សម្រាប់​កំណើន​ភ្ញៀវ​ចិន​នាពេល​ខាង​មុខ​នេះ​។

យោងតាមទិន្នន័យផ្លូវការរបស់ អាជ្ញាធរទេសចរណ៍ថៃ ការមកដល់របស់អន្តរជាតិ ក្នុងឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១១,៥លាននាក់ ដែលលើសពីគោលដៅដំបូងចំនួន ១០លាននាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top