ព័ត៌មានអន្តរជាតិ

ស៊ីរី ជំរុញឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហារ ម្ដងហើយម្ដងទៀត របស់អ៊ីស្រាអែល

ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃចន្ទបានជំរុញឱ្យ អង្គការសហប្រជាជាតិថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ម្តងហើយម្តងទៀត នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានថ្កោលទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមីស៊ីល ចុងក្រោយបង្អស់របស់អ៊ីស្រាអែល ដែលបានវាយប្រហារអាកាស យានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យអាកាសយានដ្ឋាន លែងដំណើរការ និងបានសម្លាប់ទាហានពីរនាក់។

ក្រសួងការបរទេសស៊ីរី បានថ្កោលទោសថា អ៊ីស្រាអែល មានប្រវត្តិនៃអំពើឈ្លានពាន និងការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ក្រសួងដឹកជញ្ជូនស៊ីរី បានឲ្យដឹងកាលពីថ្ងៃចន្ទថា អាកាសយានដ្ឋានបានត្រឡប់មក បម្រើសេវាកម្មវិញបន្ទាប់ពីការងារ ថែទាំត្រូវបានធ្វើរួចរាល់។ អាកាសយានដ្ឋានទីក្រុងដាម៉ាស់ បានឈប់ដំណើរការពីរដង ក្នុងកំឡុងឆ្នាំ២០២២ ដែលជាលទ្ធផលនៃការវាយប្រហារ របស់អ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top