ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មីថា ខ្លួនមិននៅក្នុងផ្នែកណាមួយ នៃសង្គ្រាមអ៊ុយក្រែននោះឡើយ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធការចោទប្រកាន់ “គ្មានមូលដ្ឋាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Nasser Kanaani បានឲ្យដឹងក្នុងអំឡុង សន្និសីទសារព័ត៌មានមួយថា “អ៊ីរ៉ង់មិនមែនជាផ្នែកនៃជម្លោះ នៅអ៊ុយក្រែននោះទេ ហើយការចោទប្រកាន់ដោយ គ្មានមូលដ្ឋានលើអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយបញ្ហានោះទេ” ។

លោកបានកត់សម្គាល់ថា មន្ត្រីអ៊ីរ៉ង់ និងអ៊ុយក្រែនបានផ្លាស់ប្តូរទស្សនៈ ជុំវិញការចោទប្រកាន់នេះ ហើយទាំងអ៊ុយក្រែន ឬអ្នកចោទប្រកាន់ផ្សេងទៀត មិនអាចរកឃើញភស្តុតាងណាមួយ សម្រាប់ការចោទប្រកាន់ របស់ពួកគេនោះទេ។

លោក Kanaani បានលើកឡើងថា “កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរបស់អ៊ីរ៉ង់ ជាមួយប្រទេសផ្សេងទៀត គឺផ្អែកលើផលប្រយោជន៍រួម ហើយត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ” ដោយបន្ថែមថាកិច្ចសហប្រតិបត្តិការ ការពារជាតិរវាងអ៊ីរ៉ង់ និងរុស្ស៊ី ត្រូវបានអនុវត្តមុនពេលជម្លោះអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរបស់អ៊ីរ៉ង់ បានណែនាំថា អាជ្ញាធរអ៊ុយក្រែនគួរតែបញ្ឈប់ការ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនពិត ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែពិចារណាដំណោះស្រាយ សមស្របចំពោះវិបត្តិ។

អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញយន្តហោះដ្រូន អត្តឃាតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលអ៊ីរ៉ង់បានច្រានចោល ម្តងហើយម្តងទៀតថា “គ្មានមូលដ្ឋាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top