ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី៖ រុស្ស៊ី អូសបន្លាយការវាយប្រហារ គឺចង់ឲ្យអ៊ុយក្រែនអស់កម្លាំង

គៀវ៖ យោងតាមប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការ យុទ្ធនាការអូសបន្លាយនៃ ការទម្លាក់គ្រាប់បែកពីលើអាកាស និងការវាយប្រហារដោយ ប្រើប្រាស់យន្តហោះដ្រូន ដែលផលិតដោយអ៊ីរ៉ង់ ក្នុងគោលបំណង ដើម្បីធ្វើឲ្យអ៊ុយក្រែនហត់នឿយកាន់តែខ្លាំង។

នៅក្នុងសុន្ទរកថា នាពេលរាត្រីរបស់លោកទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានទទួលការស៊ើបការណ៍សម្ងាត់ថា រុស្ស៊ីនឹងបង្កើនយុទ្ធនាការរបស់ខ្លួន ក្នុងការវាយឆ្មក់ដោយយន្តហោះដ្រូន លើប្រទេសរបស់ខ្លួន។

លោក ហ្សេឡិនស្គី បានបន្ដថា “យើងមានព័ត៌មានដែលថាប្រទេសរុស្ស៊ី កំពុងរៀបចំផែនការវាយប្រហាររយៈពេលវែង ដោយប្រើយន្តហោះដ្រូនថុន Shahed” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

ប្រភពបានឲ្យដឹងទៀតថា “វាប្រហែលជាបន្ថែមកាន់តែច្រើនទៀត នៅលើការហត់នឿយរបស់អ៊ុយក្រែន។ លោក​បាន​លើកឡើងថា ការ​អស់​កម្លាំង​របស់​ប្រជាជន ការ​ការពារ​ប្រឆាំង​យន្តហោះ ថាមពល​របស់​យើង គឺកាន់តែថយចុះ”។ លោក​បាន​បន្ដថា អ៊ុយក្រែន​ត្រូវ​តែ​ធ្វើ​និង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ភេរវករ​បរាជ័យ​ក្នុង​គោល​បំណង​របស់​ពួក​គេ ដូច​ដែល​អ្នក​ដទៃ​ទៀត​បាន​បរាជ័យ។

យន្តហោះដ្រូនជាច្រើនគ្រឿង បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង គៀវ និងតំបន់ជុំវិញនៅព្រឹកព្រលឹមថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី ដែលបានវាយប្រហារទីក្រុងគៀវ និងទីក្រុងផ្សេងទៀតនៅថ្ងៃចូលឆ្នាំសកល និងនៅដើមថ្ងៃចូលឆ្នាំ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងរាប់សិបនាក់រងរបួស ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top