តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្ត របស់ប្រទេសចិនក្នុងការផ្អាកការ ផ្តល់ទិដ្ឋាការដល់អ្នកដំណើរជប៉ុន ជាការឆ្លើយតបទៅនឹងទីក្រុងតូក្យូ រឹតបន្តឹងការគ្រប់គ្រងព្រំដែនលើភ្ញៀវទេសចរ មកពីប្រទេសចិន ដើម្បីការពារការរីករាលដាល នៃការឆ្លងមេរោគ។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន ពេលកំពុងបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេសថា “វាពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលប្រទេសចិនបានអនុវត្ត ជាឯកតោភាគីនូវការដាក់កម្រិត ដែលហាក់ដូចជាមិនមានពាក់ព័ន្ធនឹង វិធានការណ៍ប្រឆាំងនឹងវីរុសថ្មីនេះ” ។
លោកបានលើកឡើងថា ប្រទេសជប៉ុន បានធ្វើការតវ៉ាជាមួយប្រទេសចិន តាមរយៈបណ្តាញការទូត និងទាមទារឱ្យខ្លួនបញ្ចប់ការរឹតបន្តឹងនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក គីស៊ីដា បានគូសបញ្ជាក់ថា វិធានការព្រំដែនរបស់ប្រទេសជប៉ុន សម្រាប់ការមកដល់ពីប្រទេសចិន គឺបណ្តោះអាសន្ន ដោយលើកឡើងពីការរីករាលដាល នៃការឆ្លងនៅក្នុងប្រទេសចិនដីគោក និងការលំបាកក្នុងការចាប់ យកភាពធ្ងន់ធ្ងរនៃស្ថានភាព។
លោកបានថ្លែងថា “យើងកំពុងអនុវត្តវាដើម្បីកុំឲ្យមានការ បញ្ឈប់លំហូរមនុស្សអន្តរជាតិ”។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីប្រទេសចិនបានចាត់វិធានការបន្ថែម ដើម្បីទប់ទល់នឹងការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង ដែលអនុវត្តដោយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយផ្អាកការស្នាក់នៅដោយគ្មានទិដ្ឋាការ នៅក្នុងប្រទេសចិនសម្រាប់ ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកំពុងឆ្លងកាត់ទៅកាន់ប្រទេសទីបី ៕
ប្រែសម្រួល ឈូក បូរ៉ា