ព័ត៌មានអន្តរជាតិ

ប្រធានសេវា ស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ីថា ជំនួបជាមួយប្រធាន CIA អាចនឹងកើតឡើង ជាថ្មីទៀត

បរទេស ៖ លោក Sergey Naryshkin ដែលជាប្រធានសេវាស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយថា លោកមានឆន្ទៈ ក្នុងការជួបទល់មុខគ្នា ជាមួយសមភាគីពីនាយក CIA របស់អាមេរិក គឺ លោក William Burns ។ អ្នកទាំងពីរធ្លាប់ជួបប្រជុំគ្នានៅក្រុងអង់ការ៉ា ប្រទេសតួកគី រួចមកហើយកាលពីពាក់កណ្តាលខែវិច្ឆិកា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ចារកម្មកំពូលរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងថ្មីជាមួយលោក Burns គឺ “អាចធ្វើទៅបាន” ។

អង្គការស៊ើបការណ៍សម្ងាត់ជាតិ របស់ប្រទេសតួកគី បានរៀបចំកិច្ចជំនួបមុនរវាងមេចារកម្មទាំងពីរ កាលពីខែវិច្ឆិកាឆ្នាំមុន ដែលតាមសេចក្តីរាយការណ៍ មានរយៈពេលប្រហែលពីរម៉ោងកន្លះ ។ មន្ត្រីជាន់ខ្ពស់ទាំង២ បានពិភាក្សាអំពីការគំរាមកំហែង នុយក្លេអ៊ែរ ដែលកើតចេញពីជម្លោះអ៊ុយក្រែន និងវិធីកាត់បន្ថយការគំរាមកំហែងនេះ, នេះបើយោងតាមភាគីអាមេរិក។ បន្ទាប់មក លោក Burns តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីខែមុន បានបង្ហាញការសោកស្តាយថា ព្រឹត្តិការណ៍នៅទីក្រុងតួកគី ត្រូវបានផ្សព្វផ្សាយជា សាធារណៈ ដោយបន្ទោសការលេចធ្លាយ នេះទៅលើទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួលៈ ណៃ តុលា

To Top