ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា អាចឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើអាមេរិកធ្វើសកម្មភាព ជាក់ស្តែង

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ គឺអាចឈានដល់ប្រសិនបើសហរដ្ឋអាមេរិក ឈប់កំណត់លក្ខខណ្ឌថ្មី និងធ្វើសកម្មភាពជាក់ស្តែង។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីតួកគីលោក Mevlut Cavusoglu បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅរដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគី។

រដ្ឋមន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា លោកបានពិភាក្សាអំពីការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំជាមួយ Cavusoglu ហើយបានធ្វើការពិភាក្សា “សំខាន់ និងចម្រុះ” ជាមួយមន្ត្រីតួកគី។

 លោក Amir-Abdollahian ក៏បានជួបប្រជុំរយៈពេល ៩០ នាទីជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan ជុំវិញបញ្ហាទ្វេភាគី តំបន់ និងសកលលោក។

 លោកបានកត់សម្គាល់ថា ការអនុវត្តយ៉ាងរហ័សនៃផែនការទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រអ៊ីរ៉ង់-តួកគី ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Erdogan ទៅកាន់ទីក្រុងតេអេរ៉ង់ ក្នុងខែកក្កដា ឆ្នាំ២០២២ ត្រូវបានគូសបញ្ជាក់ ក្នុងអំឡុងពេលកិច្ចប្រជុំ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top