ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការបោះឆ្នោត របស់សហភាពអឺរ៉ុប លើការចាត់តាំងថា ជាក្រុមភេរវករ សម្រាប់អង្គភាព IRGC របស់អ៊ីរ៉ង់

តេអេរ៉ង់៖ ការអនុម័តរបស់សភាអ៊ឺរ៉ុបលើដំណោះស្រាយ ដែលអំពាវនាវឱ្យប្លុកនេះពិចារណា លើការចាត់តាំង “ភេរវករ” សម្រាប់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានទទួលការថ្កោលទោស យ៉ាងខ្លាំងពីមន្ត្រី និងមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់។

សភាអ៊ឺរ៉ុប បានអនុម័តយ៉ាងលើសលប់ នូវដំណោះស្រាយដែលអំពាវនាវ ឱ្យសហភាពអឺរ៉ុបទទួលស្គាល់ កងកម្លាំងវរជនរបស់អ៊ីរ៉ង់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដូចជាប៉ារ៉ាយោធា Basij និងកងកម្លាំង Quds ជាអង្គការ “ភេរវករ” ។

អឺរ៉ុបក៏ថ្កោលទោសផងដែរ ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ចំពោះការតវ៉ាដែលបានកើតឡើង នៅក្នុងប្រទេសចាប់តាំងពីខែកញ្ញា ការប្រហារជីវិត ដែលភ្ជាប់ទៅនឹងការតវ៉ា និងការលក់យន្តហោះដ្រូន ទៅឱ្យប្រទេសរុស្ស៊ី ខណៈពេលដែលក៏ផ្តល់អនុសាសន៍ ដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ប្រធានាធិបតី Ebrahim Raisi និងមូលដ្ឋានគ្រឹះដែលមានទំនាក់ទំនង នឹងអង្គភាព IRGC ទាំងអស់។

សហភាពអឺរ៉ុប មិនមានកាតព្វកិច្ចអនុវត្ត ដំណោះស្រាយនោះទេ ខណៈពេលដែលអ្នកនយោបាយជាន់ខ្ពស់ របស់សហភាពអឺរ៉ុប បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះដំណោះស្រាយនោះ វាមិនត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមការដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជាច្រើនរបស់អ៊ីរ៉ង់ ដែលរំពឹងថា នឹងត្រូវបានអនុម័តដោយប្លុកនេះនៅថ្ងៃចន្ទ។

ការឆ្លើយតបពីទីក្រុងតេអេរ៉ង់ នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានចាប់ពីការប្រឆាំងរហូតដល់ការព្រមាន អំពីផលវិបាកសម្រាប់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អគ្គមេបញ្ជាការ IRGC លោក Hossein Salami បានជួបជាមួយប្រធានសភា Mohammad Bagher Ghalibaf ដែលជាអតីតមេបញ្ជាការ IRGC កាលពីព្រឹកថ្ងៃសៅរ៍នេះ ដើម្បីសម្របសម្រួលការឆ្លើយតប ដ៏មានសក្តានុពលមួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top