ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់ដោយសារការ បំផ្ទុះគ្រាប់បែកនៅវិហារឥស្លាម ក្នុងប្រទេសប៉ាគីស្ថាន កើនដល់ ៩២នាក់

បរទេស៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩២ នាក់ហើយបន្ទាប់ពីការបំផ្ទុះគ្រាប់បែក អត្តឃាតនៅវិហារអ៊ីស្លាមដែលសំដៅ ទៅលើប៉ូលីសនៅទីក្រុង Peshawar ក្នុងប្រទេសប៉ាគីស្ថាន។ វិហារឥស្លាមនេះស្ថិតនៅក្នុងតំបន់ទីស្នាក់ការប៉ូលីសដែលមានសន្តិសុខខ្ពស់ ហើយការស៊ើបអង្កេតកំពុងដំណើរការលើរបៀបដែលអ្នកបំផ្ទុះគ្រាប់បែកចូល។

សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងមេដឹកនាំផ្សេងទៀតបានថ្កោលទោសការវាយប្រហារកាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារអាក្រក់បំផុតមួយនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមតាលីបង់នៅប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធនេះ បន្ទាប់ពីការអះអាងដំបូងដោយមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការរបស់ខ្លួន។

នៅថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទាញយកអ្នកគោរពបូជាដែលកប់ក្នុងគំនរបាក់បែក ដោយទាញមនុស្ស៩នាក់នៅរស់ ប៉ុន្តែរកឃើញសាកសព២៤នាក់ទៀត។ មន្ត្រីមូលដ្ឋានបាននិយាយថា គ្មានអ្នកណាម្នាក់នៅជាប់ក្រោមគំនរថ្មនៅឡើយ៕ប្រែសម្រួលៈ ណៃ តុលា

To Top