ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ វិធានការឯកតោភាគីរបស់អ៊ីស្រាអែល អាចនាំមកនូវមហន្តរាយដល់តំបន់

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃពុធបានព្រមានថា វិធានការឯកតោភាគីរបស់រដ្ឋាភិបាលអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន នឹងជា “មហន្តរាយ” សម្រាប់តំបន់។

សេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថាលោក Ishtaye បានធ្វើការព្រមានក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចជាមួយប្រធានគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់លោក Lars Klingbeil ។

លោក Ishtaye បានអំពាវនាវឱ្យប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត “ដែលជឿជាក់លើយុត្តិធម៌ សន្តិភាព និងច្បាប់អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពឯកតោភាគីរបស់ខ្លួន និងគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខា និងច្បាប់អន្តរជាតិ” ។

លោកបានបន្ថែមថា “ដើម្បីប្រឈមមុខនឹងរបៀបវារៈរបស់រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល និងវិធានការរបស់ខ្លួន រដ្ឋប៉ាឡេស្ទីន ត្រូវតែទទួលស្គាល់ ហើយការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនរបស់យើងត្រូវតែបញ្ចប់”។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា “អនុវត្តទម្រង់ដ៏អាក្រក់បំផុតនៃការដាក់ទណ្ឌកម្មសមូហភាពលើប្រជាជនប៉ាឡេស្ទីន ពន្លឿនការពង្រីកការតាំងទីលំនៅ និងធ្វើការដើម្បីអនុម័តច្បាប់ប្រកាន់ពូជសាសន៍ និងការដាក់ទណ្ឌកម្មបន្ថែមទៀតដែលនឹងបញ្ឆេះជម្លោះ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top