បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី លោក Richard Marles បានប្រកាសថា រដ្ឋាភិបាល នឹងពិនិត្យមើលបច្ចេកវិទ្យាឃ្លាំមើល ដែលប្រើនៅក្នុងការិយាល័យ នៃក្រសួងការពារជាតិ ចំពេលមានរបាយការណ៍ថា កាមេរ៉ាដែលផលិតដោយចិន ដែលបានដំឡើងនៅទីនោះ បង្កើនហានិភ័យលើផ្នែកសន្តិសុខ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Marles បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អូស្ត្រាលីមួយ នៅថ្ងៃព្រហស្បតិ៍ថា “នេះគឺជាបញ្ហាមួយ ហើយ យើងកំពុងធ្វើការវាយតម្លៃ លើបច្ចេកវិទ្យាទាំងអស់ សម្រាប់កាមេរ៉ាឃ្លាំមើលនៅក្នុងក្រសួងការពារជាតិ និងកន្លែងដែលកាមេរ៉ាពិសេសទាំងនោះត្រូវបានរកឃើញ កាមេរ៉ាទាំងនោះនឹងត្រូវដកចេញ” ។
សូមជម្រាបថា ការពិនិត្យមើលប្រព័ន្ធកាមេរ៉ា ដែលផលិតដោយប្រទេសចិននេះ បានកើតឡើងនៅពេលដែលទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា កំពុងស្វែងរក “ស្តារឡើងវិញ” ទំនាក់ទំនងដែលត្រូវបានធ្វើឱ្យខូច ដោយសារតែប្រទេសអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុន Huawei ពីបណ្តាញ 5G របស់ខ្លួននៅក្នុងឆ្នាំ២០១៨ និងការស៊ើបអង្កេតជាបន្តបន្ទាប់ដោយទីក្រុងកង់បេរ៉ាទៅក្នុងតួនាទីដែលបានអះអាង របស់ប្រទេសចិនពាក់ព័ន្ធនឹងជំងឺរាតត្បាត COVID-19 ៕