ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បន្តប្រើយន្តហោះគ្មានមនុស្ស បើកវាយប្រហារទីក្រុងនៅតំបន់គ្រីមៀ ប៉ុន្តែត្រូវប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបាញ់ទម្លាក់

បរទេស៖ អភិបាលក្រុង Mikhail Razvozhayev បានប្រកាសថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងអស់ ដែលបានវាយប្រហារទីក្រុងកំពង់ផែ Sevastopol ក្នុងតំបន់ គ្រីមៀ កាលពីថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា ស្ថានភាពក្នុងទីក្រុងមានភាពស្ងប់ស្ងាត់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមលោក Razvozhayev ដែលបាននិយាយថា ចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ប្រព័ន្ធការពារដែនអាកាស និងកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលឈរជើងក្នុងទីក្រុង Sevastopol បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពីរគ្រឿងលើសមុទ្រ។ អភិបាលខេត្តបាននិយាយថា យន្តហោះគ្មានមនុស្សបើកជាច្រើនផ្សេងទៀតត្រូវបានបាញ់ទម្លាក់លើទឹកដីនៃសាធារណរដ្ឋ គ្រីមៀ ។

នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុង Sevastopol ដែលជាទីក្រុងកំពង់ផែសំខាន់មួយ ដែលមានកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ឬទឹកដីនៃឧបទ្វីបគ្រីមៀ ដែលបានក្លាយជាផ្នែកនៃសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានធ្វើប្រជាមតិជាសាធារណៈ ត្រូវបានគេកំណត់គោលដៅដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

នៅថ្ងៃទី ១៦ ខែមករា លោក Razvozhayev បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ UAV អ៊ុយក្រែនសរុបចំនួន ១០ គ្រឿងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ដោយមិនមានយន្តហោះគ្មានមនុស្សបើកណាមួយទៅដល់គោលដៅដែលបានគ្រោងទុក ដែលត្រូវបានគេអះអាងថា រួមបញ្ចូលអាកាសយានដ្ឋាន Belbek ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង។ ការវាយប្រហារនោះបានកត់សម្គាល់ជាលើកទីប្រាំហើយដែលទីក្រុង Sevastopol បានរងការវាយប្រហារក្នុងរយៈពេលតែមួយខែនោះ៕ប្រែសម្រួលៈ ណៃ តុលា

To Top