ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អាមេរិក ព្យាយាមរុញអ៊ុយក្រែន រំលងបន្ទាត់ក្រហមរបស់លោក ពូទីន 

ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីបានថ្កោលទោស ការអត្ថាធិប្បាយថ្មីៗរបស់អនុរដ្ឋលេខាធិការអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland អំពីឧបទ្វីបគ្រីមៀ ហើយបានចោទប្រកាន់លោកស្រីថាបានព្យាយាម បង្កើនសង្គ្រាមនៅអ៊ុយក្រែន។

ក្នុងអំឡុងពេលពិភាក្សាកាល ពីថ្ងៃព្រហស្បតិ៍ជាមួយអង្គការ Carnegie Endowment for International Peace លោកស្រី Nuland បានលើកឡើងថា សហរដ្ឋអាមេរិក គាំទ្រការវាយប្រហាររបស់អ៊ុយក្រែន លើគោលដៅយោធារុស្ស៊ីនៅគ្រីមៀ ។ លោកស្រីក៏​បាន​ឲ្យដឹងដែរ​ថា “អ៊ុយក្រែន​នឹង​មិន​មាន​សុវត្ថិភាព​នោះទេ លុះត្រា​ណា​តែ​គ្រីមៀ​ស្ថិត​នៅ​កម្រិត​អប្បរមា យ៉ាង​ហោច​ណាស់​គ្មាន​យោធា”។

រុស្ស៊ីបានចូលលុកលុយ និងបញ្ចូលឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ហើយអ្នកវិភាគជាច្រើនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដែលមានសក្តានុពលក្នុងការកាន់កាប់តំបន់នេះឡើងវិញអាចឆ្លងកាត់ “បន្ទាត់ក្រហម” មួយរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលនឹងបណ្តាលឱ្យមានការកើនឡើងនៃសង្រ្គាមនឹងឈានដល់រយៈពេលមួយឆ្នាំនៅថ្ងៃទី២៤ ខែកុម្ភៈ។

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Washington DC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Nuland “បានទទួលស្គាល់ថា រដ្ឋបាល [Biden] កំពុងជំរុញមហិច្ឆតានៃរបបគៀវ ដើម្បីវាយប្រហារប្រទេសរបស់យើង ការញុះញង់ឧក្រិដ្ឋជនគៀវ ឱ្យវាយប្រហារឧបទ្វីបគ្រីមៀ គឺដូចគ្នានឹងការជំរុញឱ្យពួកគេវាយប្រហារទីក្រុងម៉ូស្គូឬ វ្លាឌីស្ដុក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top