ព័ត៌មានអន្តរជាតិ

អាមេរិក អាចនឹងបញ្ជូននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ ចូលរួមក្នុងសមយុទ្ធ ជាមួយកូរ៉េខាងត្បូង

បរទេស៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាអំពីការ ដាក់ពង្រាយនាវាផ្ទុកយន្តហោះដើរ ដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលធ្វើ សមយុទ្ធយោធារួមគ្នាក្នុងខែមីនា, នេះបើយោងតាមប្រភពសារព័ត៌មាន កូរ៉េខាងត្បូងបានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពនានា ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធយោធា Freedom Shield រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងធ្វើឡើងនៅក្នុងខែមីនា ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨ ខណៈដែលប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធនៅទីវាល ក្លែងធ្វើសមរភូមិ និងចូលរួមក្នុងល្បែងយោធា ។

ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ប្រសិនបើមានការយល់ព្រម គឺអាមេរិកអាចបញ្ជូននាវាផ្ទុកយន្តហោះ Nimitz-class ទៅចូលរួមក្នុងសមយុទ្ធនេះ ដោយបន្ថែមថា ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បញ្ជាក់ព័ត៌មាននេះនៅឡើយទេ។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលបានធ្វើឡើងនៅសមុទ្រជប៉ុន។ កាលពីខែវិច្ឆិកា មន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងការបង្កើន ភាពខ្លាំងនៃការដាក់ពង្រាយកងកម្លាំង ការពារដ៏សំខាន់របស់សហរដ្ឋអាមេរិក ទៅកាន់ឧបទ្វីបដែលជាផ្នែកនៃ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរបស់ពួកគេ ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ ទីក្រុងព្យុងយ៉ាងបានព្រមានថា ខ្លួនអាចនឹងចាត់ទុកសកម្មភាពអរិភាពបន្ថែមទៀត របស់ទីក្រុងវ៉ាស៊ីនតោនថាជា “ការប្រកាសសង្គ្រាម” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top