គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ដែលមកទស្សនកិច្ចថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រហែល ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។
លោកស្រី Yellen បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ថា “នៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ជំនួយមនុស្សធម៌ និងសង្គម យើងបានផ្តល់ជំនួយប្រហែល ៥០ពាន់លានដុល្លាររួចហើយ” ។
ជាពិសេស សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន ១៤ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ភាពធន់នឹងសេដ្ឋកិច្ចរបស់អ៊ុយក្រែន លោកស្រី Yellen បានឲ្យដឹងថា ដោយកត់សម្គាល់ថា ខ្លួនគ្រោងនឹងបែងចែកប្រាក់ចំនួន ៨ពាន់លានដុល្លារផ្សេងទៀតសម្រាប់តម្រូវការដូចគ្នានាពេលខាងមុខ។
សម្រាប់ផ្នែករបស់លោកវិញ លោក Shmyhal បានលើកឡើងថា នៅឆ្នាំ២០២២ សហរដ្ឋអាមេរិកគឺជាអ្នករួមចំណែកកំពូលនៃមូលនិធិដល់សេដ្ឋកិច្ចអ៊ុយក្រែនក្នុងចំណោមប្រទេសបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលអ៊ុយក្រែន ប្រទេសនេះនឹងត្រូវការហិរញ្ញប្បទានចំនួន ៣៨ពាន់លានដុល្លារ រួមទាំងប្រភពពីខាងក្រៅ ដើម្បីគ្របដណ្តប់ឱនភាពថវិការបស់ខ្លួននៅឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា