ព័ត៌មានអន្តរជាតិ

ប្រទេសក្រិក ជួបគ្រោះមហន្តរាយរថភ្លើង ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ៥០ឆ្នាំ

បរទេស៖ គ្រោះថ្នាក់ក្នុងសប្តាហ៍នេះ គឺជាគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុត ដែលប្រទេសក្រិកបាន ជួបប្រទះក្នុងរយៈពេលជាង ៥០ ឆ្នាំ។ នៅឆ្នាំ ១៩៦៨ រថភ្លើងដឹកអ្នកដំណើរពីរ បានបុកគ្នានៅជិតទីក្រុង Corinth ដោយបានសម្លាប់អ្នកដំណើរ ៣៤ នាក់ និងជាង ១២០ នាក់ផ្សេងទៀតរងរបួស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា រថភ្លើងពីរគ្រឿងបានបុកគ្នា នៅភាគខាងជើងប្រទេសក្រិក កាលពីល្ងាចថ្ងៃអង្គារ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៦ នាក់បានស្លាប់ និងបណ្តាលឱ្យមនុស្ស ៨៦ នាក់ផ្សេងទៀតរងរបួស។ ទូរថភ្លើងជាច្រើនបានក្រឡាប់ ហើយយ៉ាងហោចណាស់មានទូរថភ្លើង ៣គ្រឿងត្រូវភ្លើងឆេះ។

ក្រុមមន្ត្រីបានបង្ហាញថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅភាគខាងជើងនៃប្រទេសក្រិក នៅម៉ោងប្រហែល ១១ និង ២៤ នាទីយប់ ម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងរថភ្លើងដឹកទំនិញ និងរថភ្លើងដឹកអ្នកដំណើរជាង ៣៥០ នាក់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅជិត Evangelismos ដែលជាទីក្រុងមួយក្នុង Tempi ដែលស្ថិតនៅចម្ងាយប្រហែល ១៤ ម៉ាយល៍ (២២ គីឡូម៉ែត្រ) ភាគឦសាននៃទីក្រុង Larissa របស់ក្រិក។

មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់កំណត់បាននៅឡើយទេ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនរថភ្លើង Hellenic រថភ្លើងទាំងពីរបានពន្យារពេលចេញដំណើរ។ រថភ្លើងធ្វើដំណើរពីទីក្រុង Athens-Thessaloniki មានការពន្យាពេល ៤៨ នាទី ហើយរថភ្លើងដែលធ្វើដំណើរពី Thessaloniki-Athens ត្រូវបានពន្យារពេល ៧០ នាទី៕

ប្រែសម្រួលៈ ណៃ តុលា

To Top