បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានទទូចថា ការបញ្ឈប់លំហូរអាវុធរបស់លោកខាងលិចចូលទៅក្នុងអ៊ុយក្រែននឹងមិននាំមកនូវសន្តិភាពនោះទេ។ អ្នកនយោបាយបានរិះគន់អ្នកដែលតវ៉ាប្រឆាំងនឹងការបន្តហូរចូលនៃអាវុធក្នុងអំឡុងពេលសុន្ទរកថានៅក្នុងសភាអាល្លឺម៉ង់ Bundestag កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានសរសើរដល់សាមគ្គីភាពក្នុងចំណោមសហភាពអឺរ៉ុប G7 និងណាតូក្នុងការគាំទ្រផ្នែកយោធារបស់ពួកគេចំពោះទីក្រុងគៀវ ដោយលោកបានអួតថា អាល្លឺម៉ង់កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនច្រើនជាងគេក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន ហើយសន្យាថានឹងបន្តគាំទ្រដល់ក្រុងគៀវថែមទៀត។
ការអត្ថាធិប្បាយនេះទំនងជាយោងទៅលើការតវ៉ាប្រឆាំងសង្គ្រាមដែលរៀបចំដោយអ្នកនយោបាយ Die Linke (គណបក្សឆ្វេង) Sahra Wagenknecht និងជាអ្នកនិពន្ធ Alice Schwarzer កាលពីសប្តាហ៍មុន ដោយមានបាតុកររាប់ពាន់នាក់បានដើរតាមដងផ្លូវនៃទីក្រុងប៊ែរឡាំង ដោយប្រមូលផ្តុំគ្នានៅច្រកទ្វារ Brandenburg ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការបញ្ជូនអាវុធទៅកាន់ទីក្រុងគៀវ។
ក្នុងសុន្ទរកថាដដែល លោក Scholz បានជំរុញចិនកុំឲ្យផ្តល់អាវុធដល់រុស្ស៊ី ហើយជំនួសមកវិញនូវការប្រើឥទ្ធិពលរបស់ខ្លួន “ដើម្បីជំរុញឲ្យមានការដកទ័ពរុស្ស៊ី” ពីអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា