ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Merapi ផ្ទុះឡើងនៅឥណ្ឌូនេស៊ី បានភាយចំហាយក្តៅ ទៅលើមេឃកម្ពស់ ៧គីឡូម៉ែត្រ

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្នំភ្លើង Merapi របស់ប្រទេសនេះបានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ ដោយបានបញ្ចេញពពកក្តៅ រហូតដល់៧គីឡូម៉ែត្រ ។

អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា ភ្នំភ្លើងដែលមានទីតាំង នៅតំបន់ពិសេស Yogyakarta របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅវេលាថ្ងៃត្រង់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៥និង០០នាទីម៉ោងសកល ហើយលំហូរកម្អែភ្នំភ្លើង១,៥គីឡូម៉ែត្រ ត្រូវបានគេសង្កេតឃើញ ។

សេចក្តីថ្លែងការណ៍បានបន្តឲ្យដឹងថា អ្នកស្រុកក្នុងសហគមន៍ ក្បែរនោះត្រូវបានព្រមាន ឲ្យបញ្ឈប់សកម្មភាពណាមួយនៅក្នុងតំបន់គ្រោះថ្នាក់ ដែលមានចម្ងាយចន្លោះពី៣គីឡូម៉ែត្រ ទៅ៧គីឡូម៉ែត្រ ពីរណ្ដៅនៃភ្នំភ្លើងនេះ ។

គេបានដឹងថា ភ្នំភ្លើង Merapi មានកម្ពស់២.៩៦៣ម៉ែត្រ គឺជាភ្នំភ្លើងសកម្មបំផុតមួយ របស់ប្រទេសឥណ្ឌូណេស៊ី ហើយស្ថិតក្នុងកម្រិតប្រកាស អាសន្នខ្ពស់បំផុតទី២ របស់ប្រទេសនេះ ។

មន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងតំបន់ លោក Yulianto បានឲ្យដឹងថា គ្មានអ្នកស្រុកត្រូវបានជម្លៀសចេញនោះទេ ។

លោកបានបញ្ជាក់ទៀតថា “នេះគេសង្កេតឃើញតែម្តងប៉ុណ្ណោះ គឺមានករណីបាក់ដីពី៥ទៅ៦លើក ។ បើសិនការផ្ទុះគឺនៅតែបន្តកើនឡើង ហើយចម្ងាយឆ្ងាយជាង៧គីឡូម៉ែត្រ ទំនងជាអ្នកស្រុក នឹងត្រូវបានណែនាំឲ្យ ជម្លៀសចេញហើយ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top