ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់៖ កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋ ដែលមានទណ្ឌកម្ម ជួយបំផ្លាញអាវុធទណ្ឌកម្មរបស់សត្រូវ

តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេស​ ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក គួរតែសហការគ្នា ដើម្បីបំផ្លាញ “អាវុធទណ្ឌកម្ម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko ដែលបំពេញទស្សនកិច្ចដោយបន្ថែមថា គោលបំណងបែបនេះ គឺអាចសម្រេចបាន នេះបើយោងតាមគេហទំព័ររបស់មេដឹកនាំកំពូល។

លោក Khamenei បានលើកឡើងថា អ៊ីរ៉ង់ និងបេឡារុស្ស ទាំងពីរស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម “សម្លុត” របស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចដទៃទៀត។

លោក Khamenei បានបន្ដថា ទណ្ឌកម្មដ៏តឹងរ៉ឹងនេះ បានធ្វើឱ្យប្រទេសអ៊ីរ៉ង់ ដឹងពីសមត្ថភាព និងអំណាចខាងក្នុងរបស់ខ្លួន ដោយចង្អុលទៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់លើប្រទេសរបស់លោក ចាប់តាំងពីជ័យជម្នះនៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់ និងការហ៊ុមព័ទ្ធយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ។

មេដឹកនាំកំពូលរូបនេះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងទីក្រុង តេអេរ៉ង់ និងទីក្រុងមីនស៍ ក្នុងការបញ្ចប់ច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង ដែលជាបណ្តាញពហុរបៀបប្រវែង ៧២០០ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងម៉ូស្គូ ក្នុងប្រទេសរុស្ស៊ី និងទីក្រុងបុមបៃ ក្នុងប្រទេសឥណ្ឌា។

ចំណែកលោក Lukashenko បានលើកឡើងថា លោកប្តេជ្ញាបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ដោយបន្ថែមថា ប្រសិនបើប្រើប្រាស់បានត្រឹមត្រូវ លក្ខខណ្ឌ ដែលបង្កើតឡើងដោយទណ្ឌកម្មអាចផ្តល់ឱកាសសម្រាប់វឌ្ឍនភាព។

លោក Lukashenko ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់បានមកដល់ទីក្រុង តេអេរ៉ង់ កាលពីថ្ងៃអាទិត្យ។ លោកបានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នៅមុនថ្ងៃនោះ ហើយបានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ប្រែស្រួល ឈូក បូរ៉ា

To Top