ព័ត៌មានអន្តរជាតិ

លោក បៃដិន ៖ ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាមេរិក ​មាន​សុវត្ថិភាព ​បន្ទាប់​ពី​ធនាគារ​ចំនួន ២ ដួលរលំបន្ដកន្ទុយគ្នា

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ប្រជាជនអាចធានាបានថា ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក មានសុវត្ថិភាពបន្ទាប់ពីការដួលរលំភ្លាមៗនៃធនាគារធំៗក្នុងតំបន់ពីរក្នុងរយៈពេល ៣ថ្ងៃ ដោយសង្កត់ធ្ងន់ថា ក្រុមរបស់លោកបានចាត់វិធានការរហ័ស ដើម្បីការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ និងការពារហានិភ័យនៃការរីករាលដាលនៃវិបត្តិហិរញ្ញវត្ថុ។

លោក បៃដិន បានឲ្យដឹងបន្ទាប់ពីនិយតករសហរដ្ឋអាមេរិក បានគ្រប់គ្រងធនាគារ Silicon Valley ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ និងធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កថា “ប្រជាជនអាមេរិក អាចមានទំនុកចិត្តថា ប្រព័ន្ធធនាគារមានសុវត្ថិភាព។ ប្រាក់បញ្ញើរបស់អ្នកនឹង នៅទីនោះនៅពេលដែលអ្នកត្រូវការ” ។

ការបរាជ័យរបស់ធនាគារ Silicon Valley ដែលមានទ្រព្យសម្បត្តិ ២០៩ពាន់លានដុល្លារ និងជាអ្នកផ្តល់ប្រាក់កម្ចីដ៏សំខាន់ សម្រាប់ការចាប់ផ្តើមអាជីវកម្ម គឺជាការដួលរលំធនាគារធំបំផុតទីពីរ នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក នៅពីក្រោយតែការបរាជ័យក្នុងឆ្នាំ២០០៨ របស់ Washington Mutual ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោក។

ចំពេលមានការភ័យខ្លាចពីការឆ្លង អាជ្ញាធរហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក បានចាត់វិធានការមិនធម្មតាកាលពីថ្ងៃអាទិត្យ ដោយធានាឱ្យអតិថិជន នៃធនាគារទាំងពីរអាចទទួលបានប្រាក់ទាំងអស់របស់ពួកគេ និងបង្កើតកន្លែងថ្មី ដើម្បីឱ្យធនាគារអាចទទួលបានមូលនិធិសង្គ្រោះបន្ទាន់។

ថ្លែងនៅសេតវិមាននៅពេល ព្រឹកមុនពេលបើកទីផ្សារហិរញ្ញ វត្ថុអាមេរិក លោក បៃដិន បានលើកឡើងថា “នេះគឺជាចំណុចសំខាន់។ គ្មានការខាតបង់ណាមួយ នឹង កើតឡើងដោយអ្នកបង់ពន្ធនោះទេ ។ ខ្ញុំសូមនិយាយម្តងទៀត។ គ្មានការខាតបង់ណាមួយ នឹងកើតឡើងដោយអ្នកបង់ពន្ធនោះទេ” ។

លោកប្រធានាធិបតីបានបន្ដថា “យើងត្រូវតែកាត់បន្ថយហានិភ័យ នៃការកើតឡើងម្តងទៀត” ដោយបន្ថែមថារដ្ឋបាលរបស់លោក នឹងស្នើឱ្យសភាពង្រឹង បទប្បញ្ញត្តិធនាគាររបស់ប្រទេស។

លោកក៏បានលើកឡើង ពីការបន្ធូរបន្ថយតម្រូវការធនាគារមួយចំនួនក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដោយទម្លាក់កំហុស ចំពោះការបរាជ័យនា ពេលបច្ចុប្បន្នលើសកម្មភាពរបស់រដ្ឋបាលមុនៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top