ព័ត៌មានអន្តរជាតិ

កាលបរិច្ចេទនៃជំនួបទល់មុខគ្នារវាងលោក ស៊ី ជិនពីង និងលោ ពូទីន ត្រូវបានវិមានក្រឹមឡាំងបង្ហាញ

បរទេស៖ វិមានក្រឹមឡាំង និងក្រសួងការបរទេសចិនបានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតី ស៊ី ជិនពីង នៃប្រទេសចិននឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ដំណើរនេះនឹងបន្តរហូតដល់ថ្ងៃពុធ។ លោក ស៊ី នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពី “ទិដ្ឋភាពនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា វិមានក្រឹមឡាំងបានបន្ថែមថា ជំនួបនោះក៏នឹងមានការពិភាក្សាអំពីរបៀបវារៈអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរក្នុងកិច្ចការពិភពលោកផងដែរ។ មន្ត្រីរុស្ស៊ី និងចិនត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនផងដែរ។

សូមជម្រាបថា លោក ពូទីន បានអញ្ជើញលោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ី អំឡុងការហៅទូរស័ព្ទកាលពីចុងខែធ្នូ ប៉ុន្តែកាលបរិច្ឆេទនៃការធ្វើដំណើរនេះមិនត្រូវបានប្រកាសពីមុនទេ។ ប្រធានាធិបតីទាំងពីរមានទំនាក់ទំនងជាញឹកញាប់បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែននៅដើមឆ្នាំ២០២២ ទាំងដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ និងតាមរយៈតំណភ្ជាប់វីដេអូ៕ប្រែសម្រួលៈ ណៃ តុលា

To Top