បរទេស៖ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់ប្រទេសស្លូវ៉ាគី លោក Eduard Heger បានប្រកាសថា រដ្ឋាភិបាលស្លូវ៉ាគីបានអនុម័ត ជាឯកច្ឆ័ន្ទក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង MiG-29 ផលិតដោយសូវៀត និងប្រព័ន្ធការពារដែនអាកាស Kub ដល់ប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Heger បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃសុក្រថា ការចែកចាយនេះក៏នឹងរួមបញ្ចូលគ្រឿង បន្លាស់សម្រាប់ផ្នែករឹង និងមីស៊ីលផងដែរ។
លោកបាននិយាយថា “រដ្ឋាភិបាលរបស់យើងស្ថិតនៅ ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ” ដោយផ្តល់ឱ្យទីក្រុងគៀវនូវ យន្តហោះចម្បាំងដែលត្រូវការច្រើន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោក Heger ដែលបានចាញ់ការបោះឆ្នោតដោយ គ្មានទំនុកចិត្តកាលពីចុងឆ្នាំមុន កំពុងស្ថិតក្នុងការគ្រប់គ្រង គណៈរដ្ឋមន្ត្រីរហូតដល់ការបោះឆ្នោតដើមខែកញ្ញា។
យោងតាមនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន គឺយន្តហោះដែលត្រូវបានរចនាឡើង នៅក្នុងសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ នឹងត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន សម្រាប់គោលបំណងការពារសុទ្ធសាធ រួមទាំងការស្ទាក់ចាប់មីស៊ីល កាំជ្រួចរបស់រុស្ស៊ី សំដៅលើមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស។
រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីលោក Jaroslav Nad បាននិយាយនៅក្នុងសន្និសីទកាសែតថា នៅទីបំផុតស្លូវ៉ាគីនឹងបញ្ជូន MiGs ចំនួនដប់គ្រឿងជាមួយនឹងម៉ាស៊ីន និងយន្តហោះបីផ្សេងទៀត ដែលគ្មានម៉ាស៊ីនទៅកាន់អ៊ុយក្រែន។ លោកបានបន្តថា ទីក្រុងគៀវបានបណ្តុះបណ្តាលអ្នកបើក យន្តហោះឱ្យហោះហើរយន្តហោះសម័យសូវៀត និងកន្លែងសម្រាប់បម្រើ និងជួសជុលយន្តហោះទាំងនោះ ៕
ប្រែសម្រួលៈ ណៃ តុលា