ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ព្រមានបណ្តាប្រទេស ទាំងឡាយណា ដែលមិនគាំទ្រខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានធ្វើការលើកឡើងថា រដ្ឋាភិបាលរបស់ខ្លួននឹងចងចាំ រាល់បណ្តាប្រទេសទាំងឡាយណា ដែលតែងតែគាំទ្រពួកគេ នៅក្នុងជម្លោះប្រឆាំងជាមួយនឹង ប្រទេសរុស្សីហើយក៏នឹងចងចាំ បណ្តាប្រទេសទាំងឡាយណា ដែលមិនបានជួយគាំទ្រខ្លួនផងដែរ។

ថ្លែងទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmitry Kuleba បានព្រមានវាគឺជាជម្រើស របស់បណ្តាប្រទេសនានា ក្នុងការសម្រេចចិត្តជ្រើសយកការគាំទ្រ ឬមិនគាំទ្រអ៊ុយក្រែ នៅក្នុងការកសាងទំនាក់ទំនងការទូត ក្នុងអំឡុងពេលនៃប្រតិបត្តិការយោធា របស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រីបានពោលបន្ថែមទៀតថា៖ បណ្តាប្រទេសដែលមាន អាកប្បកិរិយាមិនសមរម្យ ចំពោះអ៊ុយក្រែនចំពោះបញ្ហាសង្គ្រាមលើកនេះ ប្រាកដណាស់នឹងទទួលបាននូវ អ្វីដែលពួកគេបានធ្វើនិងបានសម្រេចចិត្ត។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានរាលដាល និងស្តីបន្ទោសទៅដល់ បណ្តាប្រទេសលោកខាងលិច ផ្សេងទៀតផងដែរ ដែលមិនព្រមគាំទ្រ និងជួយផ្គត់ផ្គង់អាវុធមកឲ្យអ៊ុយក្រែន ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ពីព្រោះថាការពន្យាពេលមួយថ្ងៃស្មើនឹង យោធាអ៊ុយក្រែនជាច្រើននាក់បាត់បង់ជីវិត៕

ប្រែសម្រួល៖ ស៊ុន លី

To Top