ព័ត៌មានអន្តរជាតិ

តើប្រទេស ដែលតែងអួតអាងថាខ្លួនជា«បិតាប្រជាធិបតេយ្យ»ពិតជាបានតម្កល់អាយុជីវិតជាចម្បងមែនទេ ?

តាំងតែពីដើមមក ប្រទេសលោកខាងលិចមួយចំនួន ពិសេសសហរដ្ឋអាមេរិក តែងប្រកាសប្រាប់ពិភពលោកថាខ្លួនជា«បិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ហើយដើររិះគន់សិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ របស់ប្រទេសដែលមិន ស្តាប់តាមបង្គាប់ខ្លួន ។ ជាងនេះទៅទៀត សឹងតែដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រទេសនេះប្រទេសនោះក្រោមលេស«រំលោភសិទ្ធិមនុស្ស»ឬ«គ្មានប្រជាធិបតេយ្យ»ជាដើម ។

តើអាយុជីវិតរបស់ប្រជាជនអាមេរិក ពិតជាទទួលបានការការពារដូចការអះអាងរបស់អ្នកនយោបាយមែនទេ ? ជាបឋម យើងមកមើលពីករណីបាញ់ប្រហារ ដែលកើតឡើងជារឿយៗនៅសហរដ្ឋអាមេរិក ។

អាមេរិកជាប្រទេសដែលកើតមានករណីបាញ់ប្រហារ ច្រើនបំផុតលើពិភពលោក ដែលមួយឆ្នាំៗ បានបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ បាត់បង់ជីវិតដោយគ្រោះអកុសល ដែលបង្កដោយមនុស្ស ។ គ្រាន់តែរយៈពេលពីរខែក្នុងឆ្នាំ ២០២៣ នេះ គិតជាមធ្យមក្នុងមួយថ្ងៃក៏មានមនុស្សលើសពី ១០០ នាក់ត្រូវស្លាប់បាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារ ។ ភាពអនាធិបតេយ្យនៃការប្រើប្រាស់ កាំភ្លើង បានក្លាយជា ទម្លាប់ប្រចាំថ្ងៃមួយ របស់ពលរដ្ឋអាមេរិកទៅហើយ ចំណែកឯការដាក់ចេញច្បាប់គ្រប់គ្រង កាំភ្លើងដែលអូសបន្លាយពីមួយអាណត្តិ ទៅមួយអាណត្តិក៏ពុំឃើញមានប្រសិទ្ធភាពអ្វីឡើយ ។

ឧទាហរណ៍មួយទៀតគឺករណីជំងឺកូវីដ-១៩ ។ យើងបានសង្កេតឃើញថា បន្ទាប់ពីផ្ទុះរាលដាលជំងឺ រាតត្បាតនេះមក ប្រទេសចិនជាអ្នករងគ្រោះធ្ងន់បំផុត និងដំបូងបង្អស់ ប៉ុន្តែវិធានការបង្ការនិងគ្រប់គ្រងរបស់ប្រទេសចិន បានទប់ស្កាត់ដោយមានប្រសិទ្ធភាព និងទាន់ពេលវេលានូវការរីករាលដាលខ្លាំងនៃជំងឺឆ្លង ដែលបានកាត់ផ្តាច់ខ្សែសង្វាក់ចម្លង និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ។ ក្នុងរយៈពេលជាងបីឆ្នាំកន្លងមក អត្រាឆ្លងនិងអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រទេសចិន គឺតិចជាងប្រទេសលោកខាងលិចយ៉ាងច្រើន ។

ងាកមកមើលអាមេរិកវិញ ពិតមែនតែមានបច្ចេសវិទ្យាជឿនលឿនបំផុត សម្ភារៈវេជ្ជសាស្ត្រទំនើបបំផុត និងប្រព័ន្ធសុខាភិបាលដែលមានកម្រិតខ្ពស់បំផុត ក៏ប៉ុន្តែភាពអសកម្មនិងអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺឆ្លង បានបណ្តាលឱ្យមានករណីស្លាប់បាត់បង់ជីវិតច្រើនបំផុតនៅលើពិភពលោក ។

ដោយឡែក ក្នុងការចែក ចាយវ៉ាក់សាំង វិញ ប្រទេសចិនជាអ្នកលើកឡើង មុនគេបង្អស់ថាត្រូវចាត់ទុកវ៉ាក់សាំង ជាផលិតផលសាធារណៈដើម្បីចែកចាយវ៉ាក់សាំងឱ្យស្មើភាព ជាពិសេសដើម្បីឱ្យប្រទេសមានការ អភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងដើម្បីសង្គ្រោះអាយុជីវិត ប្រជាជនឱ្យបានច្រើន តាមតែអាចធ្វើទៅបាន តែបស្ចិមប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកវិញបែរជាស្តុកទុកវ៉ាក់សាំង រហូតដល់ហួសដឺឡេក៏មាន ។

ករណីមួយទៀត គឺក្នុងពេលកើតមានឧប្បត្តិហេតុ រថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅរដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ ដែលបណ្តាលឱ្យលេចធ្លាយសារធាតុគីមី ពុលដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនក្នុងតំបន់ស្រាប់តែកើតមាន ជំងឺដោយមិនដឹងមូលហេតុ ហើយខណៈពេលដែលប្រជាពលរដ្ឋទាមទារ ឱ្យមានការបកស្រាយពីរឿងនេះ រដ្ឋបាលតំបន់បែរជានិយាយថាវាជា«រឿងសម្ងាត់» មិនអាចពន្យល់បានទេ ។ នេះឬជាសេរីភាពដែលបានលើកឡើងក្នុង សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ?

តាមរយៈឧទាហរណ៍មួយចំនួន ដូចខាងលើ គេនឹងចោទជាចម្ងល់ថា តើនេះឬជាអាកប្បកិរិយា ទទួលខុសត្រូវ របស់ប្រទេសដែលអះអាងថា «ឱ្យតម្លៃបំផុតចំពោះសិទ្ធិមនុស្ស និង តម្កល់ទុកប្រជាជន ជាអាទិភាព» ? តើអ្នកនយោបាយដែលអួត អាងថាជា«បិតាប្រជាធិបតេយ្យ» ឬ«បិតាសិទ្ធិមនុស្ស»បានធ្វើអ្វីខ្លះដើម្បីការពារអាយុជីវិតរបស់ប្រជាជនឱ្យប្រាកដ ?

តាំងពីដើមមក អ្នកនយោបាយអាមេរិក បានប្រកាន់ខ្ជាប់នូវគោលនយោបាយ«អាមេរិកជាអាទិភាព» តែអាទិភាពនេះមិនមែនជាអាទិភាពរបស់ប្រជាជនទេ គឺជាអាទិភាពរបស់អ្នកនយោបាយ ។ ដើម្បីបម្រើផលប្រយោជន៍ នយោបាយរបស់ខ្លួន អ្នកនយោបាយអាមេរិកមិនដែលយកភ្នែក ទៅមើលសុខទុក្ខរបស់ប្រជាជន នៃប្រទេសដទៃឡើយ មានតែការរិះគន់ ឬសឹងតែជាន់ពន្លិចបន្ថែម ។ តួយ៉ាងដូចជាការដាក់ទណ្ឌកម្ម ចំពោះប្រទេសដែលកំពុងកើតមានវិបត្តិស្រាប់ ។

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ការការពារ«សិទ្ធិមនុស្ស» គឺត្រូវឈរលើមូលដ្ឋាននៃសិទ្ធិរស់រានមានជីវិត បើសូម្បីតែការរស់រាន មានជីវិតក៏មិនអាច ទទួលបានការធានាផង ទៅនិយាយអីដល់សិទ្ធិដទៃទៀតនោះ ? ក្នុងន័យនេះ «ការតម្កល់ប្រជាជនជាស្នូល , តម្កល់ប្រជាជនជា អាទិភាព» មិនមែនជាគោលនយោបាយជាតិ ដែលធ្វើឱ្យតែល្អមើលឬនិយាយឱ្យបានតែរួចពីមាត់នោះទេ ពោលគឺត្រូវយកការអនុវត្តជាក់ស្តែង ដើម្បីគាំពារអាយុជីវិតជាចម្បង នោះទើបជាការគោរព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដោយពិតប្រាកដ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top