ព័ត៌មានអន្តរជាតិ

Update: លោក ស៊ី ជីនពីង ប្តេជ្ញា​ជំរុញ​កិច្ចចរចា​សន្តិភាព​អ៊ុយក្រែន ខណៈពេល​លោក​ចាប់ផ្តើម​បំពេញទស្សនកិច្ច​នៅ​រុស្ស៊ី

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យានៅថ្ងៃចន្ទនេះ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីថា ទីក្រុងប៉េកាំង នឹងជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដោយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ស្វាគមន៍ការត្រៀមខ្លួនរបស់ប្រទេសចិន ក្នុងការរួមចំណែកដ៏មានអត្ថន័យនេះ។

មេដឹកនាំទាំងពីរបានចូលរួមចំណែកអត្ថបទទៅកាន់សារព័ត៌មានធំៗក្នុងប្រទេសរបស់គ្នាទៅវិញទៅមក ដើម្បីរំលឹកដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ស៊ី ទៅកាន់ប្រទេសរុស្ស៊ីដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋជិតខាងចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងកាសែតរុស្ស៊ី Gazette និងនៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti លោក ស៊ី ជីនពីង បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីនឹងក្លាយជា “ដំណើរនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព” ។  ដោយកត់សម្គាល់ ការកើនឡើងគ្រប់ជ្រុងជ្រោយនៃវិបត្តិអ៊ុយក្រែន មេដឹកនាំចិនបាននិយាយថា មិនមានដំណោះស្រាយសាមញ្ញ ចំពោះបញ្ហាស្មុគស្មាញនោះទេ” ។

ប៉ុន្តែលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងជឿជាក់ថា ដរាបណាភាគីទាំងអស់ “បន្តការសន្ទនា និងការពិគ្រោះយោបល់ដោយឈរលើជើងស្មើគ្នា សមហេតុផល និងលទ្ធផល ពួកគេនឹងស្វែងរកមធ្យោបាយសមហេតុផល ដើម្បីដោះស្រាយវិបត្តិ”។

នៅក្នុងអត្ថបទរបស់គាត់នៅក្នុងកាសែត People’s Daily ដែលជាកាសែតល្បីរបស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ចិន លោកពូទីន បានថ្លែងអំណរគុណដល់ទីក្រុងប៉េកាំង សម្រាប់ជំហរមានតុល្យភាពល្អ របស់ខ្លួនលើវិបត្តិអ៊ុយក្រែន ហើយបានសាទរទំនាក់ទំនងទ្វេភាគីថាជា មូលដ្ឋានគ្រឹះនៃស្ថិរភាពក្នុងតំបន់ និងពិភពលោក”៕ប្រែសម្រួល ឈូក បូរ៉ា

To Top