ថ្ងៃទី២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ចប់ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋនៅ រុស្ស៊ី ។ លទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់ នៃដំណើរទស្សនកិច្ចលើកនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ គឺជាដំណើរមិត្តភាព សហប្រតិបតិ្តការនិង សន្តិភាពមួយលើក ដែលប្រកបដោយអត្ថន័យ ប្រវត្តិសាស្ត្រ ។
ដំណើរទស្សនកិច្ច លើកនេះ ជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក Xi Jinping បន្ទាប់ពីលោកជាប់ឆ្នោត បន្តអាណត្តិជាប្រធានរដ្ឋចិន ហើយក៏ជាដំណើរ ទស្សនកិច្ចនៅរុស្ស៊ីលើកទី៩ តាំងពីលោកឡើងកាន់មុខតំណែងជាប្រធានរដ្ឋចិនមកផងដែរ ។ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចលើកនេះ ប្រមុខរដ្ឋប្រទេសនៃទាំងពីរ បានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូររយៈពេលយូរប្រកបដោយភាពស្មោះត្រង់និងមេត្រីភាព ហើយទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់ ។ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃ គូសម្របសម្រួលនិង សហការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីមានភាពកាន់តែស៊ីជម្រៅ ។ ខណៈពេលប្រមុខរដ្ឋទាំងពីររូប ជួបជាមួយអ្នកសារព័ត៌មាន ពាក្យសំដី របស់លោកប្រធានរដ្ឋចិន Xi Jinping ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ មានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានថ្លែងថា “ទំនាក់ទំនងចិន-រុស្ស៊ីគឺ លើសពីក្របខណ្ឌទ្វេភាគីយ៉ាងច្រើន ដែលមានសារសំខាន់យ៉ាងខ្លាំង ចំពោះនិម្មាបនកម្មពិភពលោក ក៏ដូចជាអនាគតនិងជោគវាសនា របស់មនុស្សជាតិ ។”
ដំណើរទស្សនកិច្ច របស់លោក Xi Jinping លើកនេះបានបង្ហាញយ៉ាងច្បាស់ថា ជានិច្ចកាល ប្រទេសចិនតែងតែអនុវត្តគោល នយោបាយការទូត ដ៏ឯករាជ្យនិង ម្ចាស់ការ ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងចិន និងរុស្ស៊ីឱ្យបានល្អ ជាជម្រើសជាយុទ្ធសាស្ត្ររបស់ចិន ដោយគិតពីផលប្រយោជន៍ជាស្នូល របស់ខ្លួននិង និន្នាការអភិវឌ្ឍន៍ ទូទៅនៃពិភពលោក វាមិនកែប្រែដោយសាររឿង ណាមួយឬស្ថានការណ៍ណាមួយនោះទេ ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំបាននិងកំពុងពន្លឿនការវិវឌ្ឍទៅមុខ ការប្រកួតប្រជែងរវាងកម្លាំងអន្តរជាតិក៏មានភាពកាន់តែស៊ីជម្រៅផងដែរ ។ ប្រទេសលោកខាងលិច មួយចំនួនប្រកាន់ខ្ជាប់គំនិតសង្គ្រាមត្រជាក់ ធ្វើនយោបាយជាក្រុមនិងធ្វើការបដិបក្ខគ្នាជាក្រុម ដែលបានគំរាមកំហែង ដល់សន្តិភាពនិងស្ថិរភាពសកល ។ ស្ថានការណ៍អន្តរជាតិ មានភាពកាន់តែស្មុគស្មាញ ការបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសហការរវាងចិន និងរុស្ស៊ីក៏មានលក្ខណៈចាំបាច់កាន់តែលេចធ្លោផងដែរ ។
បើមើលពី《សេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើ ឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូ សម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយក្នុងយុគសម័យថ្មីរវាងចិន និងរុស្ស៊ី》 អាចឃើញថា ភាគីទាំងពីរមានគំនិតឯកភាពរួមអំពីស្ថានការណ៍សកលនិងបញ្ហាចំណុចក្តៅជាច្រើន ។ ក្នុងនាមជារដ្ឋសមាជិក អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ចិននិងរុស្ស៊ីនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាក រេនូវការជំរុញការ ធ្វើពហុប៉ូលភាវូបនីយកម្ម ពិភពលោក និង ប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ដើម្បីក្លាយជា “សសរទ្រទ្រង់”សម្រាប់គាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ ។
អំពីបញ្ហាអ៊ុយក្រែន ចិននិងរុស្ស៊ី បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា កិច្ចសន្ទនាប្រកបដោយទំនួលខុសត្រូវ ជាមធ្យោបាយល្អបំផុតសម្រាប់ ដោះស្រាយបញ្ហា ជាលំដាប់ ។ រុស្ស៊ីបានរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងដើម្បីរៀបចំឡើងវិញ នូវកិច្ចចរចាសន្តិភាពក្នុងពេលឆាប់ៗ សាទរចំពោះ ប្រទេសចិន ដែលរីករាយដើរតួនាទី វិជ្ជមានក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន តាមវិធីនយោបាយនិងការទូត សាទរចំពោះគំនិតផ្តួចផ្តើម ប្រកបដោយលក្ខណៈស្ថាបនាក្នុងឯកសារ «គោលជំហររបស់ចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ» ។ ប្រការនេះបានបង្ហាញថា គោលជំហររបស់ចិន ដែលប្រកបដោយសត្យានុម័តនិងយុត្តិធម៌ និងជំរុញការផ្សះផ្សានិងការចរចាសន្តិភាព ទទួលបានការគាំទ្រនិងជឿទុកចិត្តជាទូទៅ ។
ក្នុងរដូវផ្ការីកឆ្នាំនេះ ក្រោមការណែនាំពីគំនិតឯកភាពរួម របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូ សម្របសម្រួលនិងកិច្ច សហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មី ពិតជានឹងមាន ភាពកាន់តែស៊ីជម្រៅ ។ នៅលើពិភពលោក ដែលមានភាព ច្របូកច្របល់ ចិននិង រុស្ស៊ីពួតដៃគ្នា អាចបំពេញបន្ថែមកម្លាំង ចលករកាន់តែច្រើនដល់ដំណើរ ការធ្វើពហុប៉ូលភាវូបនីយកម្ម ពិភពលោកនិងប្រជាធិបតេយ្យភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ ហើយនឹងផ្តល់ការធានាកាន់តែច្រើន ដល់សន្តិសុខនិងការអភិវឌ្ឍជាសកល ៕