ព័ត៌មានអន្តរជាតិ

រថពាសដែក ផលិតនៅប្រទេសស្វីស ត្រូវបានគេប្រទះឃើញ នៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត NZZ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសស្វីស បានកំពុងតែព្យាយាម ក្នុងការស្វែងរកការពិតថា តើអ្នកណាជាអ្នកដែលបានល្មើសច្បាប់ នាំចេញក្នុងការផ្គត់ផ្គង់ រថពាសដែក Eagle របស់ខ្លួនទៅកាន់ ប្រទេសអ៊ុយក្រែន។

ការចេញផ្សាយ នៅត្រូវបានធ្វើឡើង បន្ទាប់ពីរូបភាពជាច្រើនសន្លឹក ត្រូវបានគេថតជាប់រថពាសដែក ប្រភេទនេះ នៅក្នុងតំបន់សមរភូមិប្រយុទ្ធជួរមុខ របស់អ៊ុយក្រែន។ ស្វីស កំពុងរងសំពាធយ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីត្រួសត្រាយផ្លូវក្នុងការផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន ប៉ុន្តែក្រុមអ្នកតាក់តែងច្បាប់ កំពុងមមាញឹកក្នុងការពិភាក្សាគ្នា នៅឡើយ។

ទោះមិនទាន់អាចកំណត់ច្បាស់ អំពីការដោះដូររថពាសដែក នេះតាមច្រកប្រទេសណា នៅឡើយក្តី ប៉ុន្តែកាសែត NZZ ជឿជាក់ថា យ៉ាងហោចណាស់ រថពាសដែកប្រភេទ១ឬ២គ្រឿង កំពុងមានវត្តមាន នៅក្នុងប្រទេសអ៊ុយក្រែន រួចទៅហើយ។

គួរឲ្យដឹងដែរថា រថពាសដែក Eagle I ដែលត្រូវបានគេថតបាន គឺជាផលិតផលដែលផលិត ដោយក្រុមហ៊ុន Mowag នៅក្នុងតំបន់ Kreuzlingen ហើយក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅក្នុងប្រទេសអាមេរិក Dynamics Land Systems ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top