បរទេស ៖ ធនាគារ Deutsche Bank ដែលជាធនាគារ ផ្តល់កំចីធំជាងគេបំផុត របស់ប្រទេសអាល្លឺម៉ង់ គិតមកទល់បច្ចុប្បន្ននោះ នឹងបន្តប្រឈមមុខទៅ នឹងបញ្ហាស្រដៀងទៅនឹងធនាគារ Credit Suisse ប៉ុន្តែទោះបីជាយ៉ាងណាអធិកាបតី អាល្លឺម៉ង់លោក Olaf Scholz បានចេញមកអះអាងថា មិនមានបញ្ហាធ្ងន់ធ្ងរ ដែលគួរឲ្យព្រួយបារម្ភនោះទេ ។
ថ្លែងទៅកាន់ក្រុមកាសែត កាលពីថ្ងៃសុក្រនិងត្រូវ បានយកមកចេញផ្សាយដោយ RT នៅថ្ងៃនេះលោកអធិកាបតីរូបនេះ បានបញ្ជាក់ទៀតថា គ្មានមូលហេតុអ្វីដែលត្រូវព្រួយបារម្ភ ចំពោះសុខភាព របស់ធនាគារនេះឡើយ។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ឆ្លើយតប របស់លោកមេដឹកនាំអាល្លឺម៉ង់រូបនេះ បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ នាទីក្រុងប្រ៊ូសែលប្រទេស ប៊ែលហ្សិក ក្នុងពេល ដែលធនាគារ Deutsche Bank កំពុងមានការធ្លាក់ចុះ នៃភាគហ៊ុនយ៉ាងខ្លាំងមួយ ដល់ទៅ១៥ភាគរយក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ។
លោកបានបន្ថែមបែបនេះថា ៖ធនាគារ Deutsche Bank បានធ្វើទំនើបកម្មជាមូលដ្ឋាន និងរៀបចំឡើងវិញ នូវគំរូអាជីវកម្មរបស់ខ្លួន ហើយជាធនាគារដែលមានផល ចំណេញយ៉ាងច្រើន ។ ដូច្នេះមិនមានហេតុផល ដែលត្រូវព្រួយបារម្ភអំពីអ្វីនោះទេ៕
ប្រែសម្រួល៖ស៊ុនលី