ព័ត៌មានអន្តរជាតិ

ជប៉ុន ​ទាមទារ​ឲ្យចិន ​ដោះលែង​ពលរដ្ឋរបស់ខ្លួនម្នាក់ ​ដែល​ជាប់​ឃុំឃាំង ​ពី​បទ​ចារកម្ម ក្នុងទីក្រុងប៉េកាំង

តូក្យូ៖ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន បានជំរុញឱ្យប្រទេសចិន ដោះលែងពលរដ្ឋរបស់ខ្លួនម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីក្រុងប៉េកាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអនុញ្ញាតឱ្យមន្ត្រីកុងស៊ុលជួបជាមួយលោក ដោយប្រទេសចិន បានអះអាងថា លោកត្រូវបានឃុំខ្លួនដោយសង្ស័យថា បានចូលរួមក្នុងសកម្មភាពចារកម្ម។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា បុរសនេះត្រូវបានគេសង្ស័យថា បានបំពានច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ប៉ុន្តែមិនបានបញ្ជាក់ពីការចោទប្រកាន់របស់លោកនោះទេ។ ក្រុមហ៊ុនផលិតថ្នាំជប៉ុន Astellas Pharma Inc. បានបញ្ជាក់ថា លោកគឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិករបស់ខ្លួន។

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទ សារព័ត៌មានថា រដ្ឋាភិបាលជប៉ុន កំពុងទាក់ទងជាមួយមនុស្ស ដែលមានទំនាក់ទំនងជាមួយបុរសនោះ ដែលមានអាយុ ៥០ ឆ្នាំ។

លោក Matsuno បានលើកឡើងថា អាជ្ញាធរចិន បានជូនដំណឹងទៅស្ថានទូតជប៉ុន នៅទីក្រុងប៉េកាំង ក្នុងខែនេះថា ពួកគេបានឃុំខ្លួនបុរស នោះនៅក្នុងរដ្ឋធានី សម្រាប់អ្វីដែលពួកគេបាននិយាយថា ជាការបំពានច្បាប់ របស់ប្រទេសចិន។

នៅទីក្រុងប៉េកាំង លោកស្រី Mao ក៏បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុន “ត្រូវធ្វើបន្ថែមទៀត” ដើម្បីសុំឱ្យពលរដ្ឋរបស់ខ្លួនកុំចូលរួម ក្នុងសកម្មភាពបែបនេះ និង “អប់រំ” ពួកគេឱ្យកាន់តែប្រសើរឡើងអំពីបញ្ហានេះ ខណៈដែលឧប្បត្តិហេតុស្រដៀងគ្នានេះ បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រភព​រដ្ឋាភិបាល​ជប៉ុន ​បានឲ្យដឹង​ថា អាជ្ញាធរ​ប្រឆាំង​អំពើ​ចារកម្ម​របស់​ចិន​បាន​ចាប់​ខ្លួន​បុរស​នោះ។ ប្រភពការទូតដែលស្គាល់ទំនាក់ទំនងជប៉ុន-ចិន បានឲ្យដឹងថា ឧបទ្ទវហេតុនេះបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាអាច “ដោះស្រាយការប៉ះទង្គិច ដែលមិនអាចវាស់វែងបាន” ចំពោះទំនាក់ទំនងទ្វេភាគី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top