គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានបំណងចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលមួយឆ្នាំ ពោលគឺនៅឆ្នាំនេះតែម្ដង បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចចរចាសមាជិកភាព។
លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ឲ្យដឹងថា “គោលដៅរបស់យើង គឺដើម្បីចាប់ផ្តើមការចរចាសមាជិកភាព សហភាពអឺរ៉ុបនៅឆ្នាំ២០២៣។ ខ្ញុំគិតថា វានឹងចំណាយពេលប្រហែលមួយឆ្នាំ សម្រាប់អ៊ុយក្រែន ដើម្បីក្លាយជាសមាជិកពេញលេញ” ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ៊ុយក្រែន កំពុងអនុវត្តភារកិច្ចដែលសហភាពអឺរ៉ុប បានដាក់ចេញ សម្រាប់សមាជិកភាព “លឿនជាងអ្វីដែលរំពឹងទុក” ។នៅខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែនជាបេក្ខជន សម្រាប់សមាជិកភាពនៅក្នុងប្លុកនេះ។
គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវតម្រូវការចំនួន៧ ដែលត្រូវបំពេញដោយអ៊ុយក្រែន សម្រាប់ការចាប់ផ្តើមកិច្ចចរចាចូលជាសមាជិក ៕
ប្រែសម្រួល ឈូក បូរ៉ា