ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បង្កើនការនាំចូលប្រេងតាមរយៈ បំពង់បង្ហូរប្រេងមួយ របស់រុស្សី

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសកាហ្សាស្ថានបានដាក់ផែនការក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេងរបស់រុស្សី Druzhba ហើយតាមផែនការនឹងមានចំនួនដល់ទៅ១០០០០០តោននៅក្នុងខែមិនានេះ។

ប្រភពដដែលបានបន្តទៀតថាក្រុមហ៊ុនប្រេងរបស់កាហ្សាស្ថានកន្លងមកធ្លាប់បានធ្វើការបញ្ជូនប្រេងប្រមាណជា២០០០០តោនបានជោគជ័យរួចមកហើយទៅកាន់ប្រទេសប៉ូឡូញតាមរយៈបំពង់បង្ហូរប្រេងរបស់រុស្សីដូចគ្នានេះ។

គួរឲ្យដឹងដែរថាលទ្ធភាពនៃការបញ្ជូនប្រេងទៅឲ្យបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបត្រូវបានប្រកាសភ្លើងខៀវដោយរដ្ឋាភិបាលទីក្រុងមូស្គូតាំងតែពីខែមករាបន្ទាប់ពីក្រុមហ៊ុនរបស់កាហ្សាស្ថានបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនយក្សរុស្សី Tarnsneft ដើម្បីធ្វើយ៉ាងណាអាចបញ្ចេញប្រេងរបស់កាហ្សាស្ថានឲ្យបានទៅដល់១,២លានតោនក្នុងឆ្នាំ២០២៣។

គិតមកដល់ខែមេសានេះកាហ្សាស្ថានបានបញ្ចេញប្រេងសរុបដល់ទៅ៤០០០០តោនរួចមកហើយប៉ុន្តែធៀបទៅនឹងផែនការបញ្ចេញសម្រាប់ត្រីមាសដំបូងដែលមានទៅដល់៣០០០០០តោននោះគឺនៅមានចំនួនតិចតួចនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top