បរទេស៖ ប្រភពពីផ្នែកសន្តិសុខបានប្រាប់កាសែត Tagesspiegel ថា យោធាអាល្លឺម៉ង់គ្រោងនឹងទិញ ឧបករណ៍ប្រឆាំងយន្តហោះ គ្មានមនុស្សបើកបន្ថែមទៀត ដើម្បីការពារមូលដ្ឋានរបស់ខ្លួនពី ការលុកលុយដោយយន្តហោះគ្មានមនុស្សបើក (UAVs) ដែលមិនស្គាល់អត្តសញ្ញាណ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អត្ថបទកាសែតបាននិយាយថា កងទ័ពអាល្លឺម៉ង់ (Bundeswehr) បានសម្រេចចិត្តបង្កើនសមត្ថភាព របស់ខ្លួននៅក្នុងវិស័យនេះ ដោយសារតែការមើលឃើញកើនឡើង នៃយន្តហោះគ្មានមនុស្សបើក “គួរឱ្យសង្ស័យ” នៅលើមូលដ្ឋានយោធារបស់ ប្រទេសក្នុងប៉ុន្មានខែថ្មីៗនេះ។
កាសែត Tagesspiegel បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទីតាំងដែលរងផលប៉ះពាល់ រួមមានតំបន់ដែលកងទ័ពអ៊ុយក្រែន កំពុងហ្វឹកហាត់ដើម្បីប្រតិបត្តិការ រថក្រោះអាល្លឺម៉ង់ និង APC ដែលផ្តល់ដល់ទីក្រុងគៀវដោយទីក្រុងប៊ែកឡាំង ។ ប្រភពព័ត៌មានបានបន្ថែមថា ប្រភពដើមនៃយន្តហោះនេះ មិនទាន់ដឹងនៅឡើយទេ។
យ៉ាងណាក៏ដោយ កាសែតមិនបានបង្ហាញពីប្រភេទ ឬបរិមាណនៃប្រព័ន្ធប្រឆាំង យន្តហោះគ្មានមនុស្សបើក ដែលយោធាអាល្លឺម៉ង់នឹងទទួលនោះទេ។
បច្ចុប្បន្ននេះ Bundeswehr ដំណើរការម៉ាស៊ីនប្រឆាំងយន្តហោះ HP-47 jammers ដែលអនុញ្ញាតឱ្យវាគ្រប់គ្រង UAV ដែលចូលមកដោយបង្ខំយន្តហោះនោះឱ្យចុះចត ឱ្យធ្លាក់ ឬហោះហើរត្រឡប់ទៅប្រតិបត្តិករ ដើម្បីបង្ហាញទីតាំងរបស់ពួកគេ។
បើតាមប្រភពបានឲ្យដឹងថា យោធាអាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមស្តុកទុកប្រព័ន្ធ ទាំងនោះកាលពីរដូវក្តៅមុន បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកដំបូង ត្រូវបានគេប្រទះឃើញហោះហើរ ពីលើមូលដ្ឋានខ្លួន។ ឥឡូវនេះដំណើរការនេះនឹងត្រូវបាន “កាន់តែខ្លាំងឡើង” ៕
ប្រែសម្រួលៈ ណៃ តុលា