ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឲ្យមានកិច្ចសន្ទនា ដើម្បីបញ្ចប់ជាបន្ទាន់នូវវិបត្ដិ ដែលកំពុងកើតមានក្នុងប្រទេសស៊ូដង់

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមេដឹកនាំកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្រយ៉ាងឆាប់រហ័សបញ្ឈប់ជាបន្ទាន់នូវអរិភាព និងចាប់ផ្តើមកិច្ចសន្ទនាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ូដង់។

លោក Guterres បានធ្វើការអំពាវនាវនេះ មុនពេលថ្លែងសុន្ទរកថាបើករបស់លលកនៅឯវេទិកាអង្គការសហប្រជាជាតិស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ដោយកត់សម្គាល់ថា ស្ថានភាពនេះបាននាំឱ្យមាន “ការបាត់បង់ជីវិតដ៏គួរឱ្យរន្ធត់” រួមទាំងជនស៊ីវិលជាច្រើនផងដែរ។

ប្រទេសស៊ូដង់ បាននិងកំពុងឃើញការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ហើយយ៉ាងហោចណាស់មនុស្ស ៩៧ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នានេះបើយោងតាមគណៈកម្មាធិការកណ្តាលនៃក្រុមវេជ្ជបណ្ឌិតស៊ូដង់ ដែលជាស្ថាប័នមិនមែនរដ្ឋាភិបាល។

លោក Guterres បានលើកឡើងថា “ខ្ញុំថ្កោលទោសការស្លាប់ និងរបួសដល់ជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ និងការកំណត់គោលដៅ និងការលួចយកទីតាំង ខ្ញុំក្រើនរំលឹកភាគីទាំងអស់អំពីតម្រូវការក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងការធានាសុវត្ថិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ និងបុគ្គលិកពាក់ព័ន្ធ និងបុគ្គលិកជំនួយមនុស្សធម៌ទាំងអស់”។

ប្រមុខអង្គការសហប្រជាជាតិ បានព្រមានថា ការកើនឡើងបន្ថែមទៀតអាចជាការបំផ្លិចបំផ្លាញសម្រាប់ប្រទេសស៊ូដង់ និងតំបន់ ហើយបានជំរុញអ្នកដែលមានឥទ្ធិពលលើស្ថានការណ៍ទាំងអស់ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា ស្តារសណ្តាប់ធ្នាប់ និងត្រឡប់ទៅមាគ៌ានៃការផ្លាស់ប្តូរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top