ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ AH-64 Apache ២គ្រឿងរបស់អាមេរិក នៅរដ្ឋអាឡាស្កា, ទាហាន៤នាក់ នៅលើនោះ មិនទាន់ដឹងស្លាប់ឬរស់

បរទេស៖ មន្ត្រីមន្ទីរបញ្ចកោណ បាននិយាយថា ឧទ្ធម្ភាគចក្រ AH-64 Apache របស់កងទ័ពអាមេរិកចំនួនពីរគ្រឿង បានធ្លាក់ក្នុងរដ្ឋអាឡាស្កា បន្ទាប់ពីបេសកកម្មហ្វឹកហ្វឺនមួយ ដោយមន្ត្រីមន្ទីរបញ្ចកោណបាននិយាយថា ឧទ្ធម្ភាគចក្រ នោះដឹកទាហានពីរនាក់ ក្នុងមួយគ្រឿងៗ។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុ នៃឧប្បត្តិហេតុនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧទ្ធម្ភាគចក្របានធ្លាក់នៅជិតទីក្រុង Healy ភាគកណ្តាលអាឡាស្កា កាលពីថ្ងៃព្រហស្បតិ៍ ចម្ងាយប្រហែល ៨០ម៉ាយភាគនិរតីនៃមូលដ្ឋាន របស់ពួកគេនៅឯ Fort Wainwright, នេះបើយោងតាមកងពលធំទី 11 របស់កងទ័ពសហរដ្ឋអាមេរិក។

កងពលនេះ បានបន្តថា “អ្នកឆ្លើយតបដំបូងគឺនៅកន្លែងកើតហេតុ។ ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយព័ត៌មានបន្ថែមអំពីឧប្បត្តិហេតុនេះនឹងត្រូវបានចេញផ្សាយនៅពេលដែលគេអាចរកបាន” ។

ក្រោយមកអ្នកនាំពាក្យយោធាលោក John Pennell បានបន្ថែមថា មនុស្សសរុបចំនួន ៤ នាក់បាននៅលើឧទ្ធម្ភាគចក្រទាំង២គ្រឿង ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេ ឬថាតើមានការរងរបួស ឬយ៉ាងណា នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top