ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ ការបង្កើន​ចំណាយ ផ្នែក​យោធា​ ​មិន​ធ្វើ​ឲ្យ​អឺរ៉ុប ​មាន​សុវត្ថិភាពនោះ​ទេ

បរទេស ៖ អ្នកជំនាញយោធាក្រូអាតដ៏លេចធ្លោម្នាក់ បានឲ្យដឹងនៅក្នុង បទសម្ភាសន៍ជាមួយស៊ីនហួថា ការកើនឡើង នៃការចំណាយផ្នែកយោធា នៅក្នុងទ្វីបអឺរ៉ុប កាលពីឆ្នាំមុនមិនបានធ្វើឱ្យប្លុកនេះ មានសុវត្ថិភាពនោះទេ ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសាថា ការចំណាយលើផ្នែកយោធាសកល បានកើនឡើង ៨ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២២ ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលាគឺ ២២៤០ ពាន់លានដុល្លារ។

ប្រភពពី SIPRI គូសបញ្ជាក់​ថា ​ការ​កើនឡើង​យ៉ាង​ខ្លាំង ​នៃ​ការ​ចំណាយ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​អឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Marinko Ogorec អតីតបេសកជនយោធាដំបូងរបស់ប្រទេសក្រូអាត ប្រចាំនៅរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួឲ្យដឹងថា “និយាយឱ្យត្រង់ទៅ ការចំណាយយោធាកាន់តែច្រើន មានន័យថាមានសុវត្ថិភាពតិចជាងមុន”។

លោក Ogorec ដែលឥឡូវនេះ ជាប្រធាននាយកដ្ឋានប្រព័ន្ធការពារជាតិ និងបច្ចេកវិទ្យានៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធការពារ របស់ប្រទេសក្រូអាស៊ី បានលើកឡើងថា ការកើនឡើងនៃការចំណាយយោធានៅទូទាំងទ្វីបអឺរ៉ុបកាលពីឆ្នាំមុនពិតជា “បង្កើនលទ្ធភាពនៃការកើនឡើង ដែលជាលំហូរចេញនៃអាវុធ និងគ្រាប់រំសេវ ពី​ឃ្លាំង”។

លោកបានបន្ដថា ទន្ទឹមនឹងនោះ ជំនួយយោធាដល់អ៊ុយក្រែន និងក្តីបារម្ភជុំវិញ ការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការសម្រេចចិត្តចំណាយ របស់រដ្ឋជាច្រើនទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top