ព័ត៌មានអន្តរជាតិ

អគ្គីភ័យឆាបឆេះចេញពីសាឡង់ ដឹកអ្នកដំណើរក្នុងដែនទឹកសិង្ហបុរី តែសំណាងល្អមិនបង្កឲ្យ មានអ្នករងរបួសនោះទេ

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ អគ្គីភ័យបានឆាបឆេះបន្ទប់ម៉ាស៊ីននៃសាឡាងចុះបញ្ជីដោយប្រទេសសិង្ហបុរី ដែលធ្វើដំណើរចេញពីកោះ Kusu ដោយបង្ខំឱ្យមានការផ្ទេរអ្នកដំណើររបស់ខ្លួនទៅកាន់នាវាមួយផ្សេងទៀត ។

អគ្គីភ័យត្រូវបានពន្លត់ដោយសមាជិកនាវិកទាំង៦នាក់នៃក្រុមហ៊ុន QUEEN STAR 2 ដែលធ្វើដំណើរពីប្រទេស សិង្ហបុរីទៅកាន់ Batam នៅគ្រាដែលឧប្បត្តិហេតុបានកើតឡើង ។

អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី ហៅកាត់ថា (MPA) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា អគ្គីភ័យនេះត្រូវបានជូនដំណឹងពីឧបទ្ទវហេតុនេះនៅម៉ោង១២និង៣០នាទីថ្ងៃសុក្រនេះ ។

អាជ្ញាធរបានឲ្យដឹងថា “MPA កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី ហៅកាត់ (SCDF) និងប៉ូលិសឆ្មាំឆ្នេរសមុទ្រ (PCG) ភ្លាមៗបានដាក់ពង្រាយយានរបស់ពួកគេដើម្បីផ្តល់ជំនួយ” ដោយបញ្ជាក់ទៀតថា ទូកសណ្តោងក៏ត្រូវបានដាក់ពង្រាយ ដើម្បីផ្តល់ជំនួយ និងសណ្តោងសាឡាងផងដែរ ។

អ្នកដំណើរទាំងអស់ចំនួន៦២នាក់នៅលើសាឡង់នោះ រួមទាំងជនជាតិសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ត្រូវបានផ្ទេរទៅកាន់កប៉ាល់មួយទៀតគឺ MERBAU ERA ដែលនឹងនាំពួកគេទៅកាន់កំពង់ផែសាឡាង Harbourfront ក្នុងប្រទេសសិង្ហបុរី។

បន្ទាប់មក កប៉ាល់បានធ្វើដំណើរទៅកាន់ Batam ក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបាននាំអ្នកដំណើរទាំងអស់មកដល់ គោលដៅដោយសុវត្ថិភាព៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top