ព័ត៌មានអន្តរជាតិ

បណ្តាមេដឹកនាំ​អាជីវកម្ម​នៅថៃ ប្រាប់​អ្នកនយោបាយ​ឱ្យឆាប់ ​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត

បរទេស៖ តំណាងវិស័យឯកជនរបស់ប្រទេសថៃ កំពុងទទូចដល់គណបក្សនយោបាយ ទាំងអស់ឱ្យទទួលយកលទ្ធផល នៃការបោះឆ្នោតសកលនេះ ដើម្បីអោយប្រទេសជាតិឈានទៅមុខ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានមាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគោរពសំឡេងភាគច្រើន ដើម្បីឲ្យប្រទេសថៃមានការរីកចម្រើនតាមលទ្ធិប្រជាធិបតេយ្យ។

លោកថា “សភាពាណិជ្ជកម្មថៃរំពឹងថាគ្រប់វិស័យទាំងអស់នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ”។

លោក Sanan បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ ចម្រុះ​ដែល​មាន​គណបក្ស​ជាច្រើន​ចូល​រួម។ លោកបន្តថា ប្រសិនបើការបង្កើតរដ្ឋាភិបាលថ្មីត្រូវបានពន្យារពេល វានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងចំណោមអ្នកវិនិយោគបរទេស។

លោកបានពន្យល់ថា “ប្រសិនបើរដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស វានឹងអាចដឹកនាំប្រទេស និងឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានទាន់ពេលវេលា។ គោលដៅចម្បងគឺដើម្បីអាចយល់ព្រមលើគោលការណ៍ណែនាំ និងគោលនយោបាយការងារ របស់សម្ព័ន្ធដោយគ្មាន ជម្លោះ ឬអស្ថិរភាព។

ចំណែកលោក Kriengkrai Thiennukul ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​បាន​ថ្លែង​ថា​ ការ​បោះឆ្នោត​សកល​នេះ​គឺជា​ចំណុច​របត់​ដ៏សំខាន់​មួយ​ក្នុង​នយោបាយ​ថៃ៖ វា​នឹង​កំណត់​ទិសដៅ​អនាគត​នៃ​សេដ្ឋកិច្ច។

លោក Kriengkrai មានប្រសាសន៍ថា វិស័យឯកជនរំពឹងថានឹងបង្កើតគណៈរដ្ឋមន្ត្រីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានភាពទំនេរនៅក្នុងការគ្រប់គ្រងប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top