ព័ត៌មានអន្តរជាតិ

ហេតុអ្វីបាន ជាសហគមន៍ អន្តរជាតិ ប្រតិកម្មប្រឆាំង យ៉ាងខ្លាំងក្លា ចំពោះករណី ដែលជប៉ុនមានផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ ?

ឧប្បតិ្តហេតុ ផ្ទុះរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ាទី ១ របស់ជប៉ុន កាលពីឆ្នាំ ២០១១ បានបណ្តាល ឱ្យប្រជាជនជប៉ុន និងប្រជាជន នៃប្រទេសជុំវិញ រងផលប៉ះពាល់យ៉ាងខ្លាំង ពីការបែកធ្លាយសារធាតុវិទ្យុ សកម្មនុយក្លេអ៊ែរ ម្តងរួចមកហើយ ។ ជាង ១០ កន្លងផុតទៅ ជប៉ុនបានសម្រេចចិត្តបង្ហូរទឹក សំណល់នុយក្លេអ៊ែរ ដែលរងភាពបំពុល ដោយសារសារធាតុវិទ្យុ សកម្មចូលទៅក្នុងសមុទ្រ ដែលការសម្រេចចិត្តមួយនេះ វាមិនខុសពីការប្រើកាំបិត ចាក់ដោតទៅលើស្នាម របួសចាស់ម្តងទៀតនោះឡើយ ។

បន្ទាប់ពីជប៉ុន បានប្រកាសពីផែនការ របស់ខ្លួនបែបនេះ ក៏ត្រូវសហគមន៍អន្តរជាតិ ពិសេស ប្រទេសជុំវិញប្រតិកម្ម ប្រឆាំងយ៉ាងខ្លាំងក្លា ហើយប្រជាជនជប៉ុន ក៏បាននាំគ្នាធ្វើបាតុកម្មតវ៉ា ជាច្រើនដង ដោយទទូចឱ្យរដ្ឋាភិបាលជប៉ុន ពិចារណាឡើងវិញពីផលប៉ះពាល់នៃផែនការមួយនេះ ហើយងាកទៅរកដំណោះ ស្រាយដែលភាគី ពាក់ព័ន្ធផលប្រយោជន៍ អាចទទួលយកបាន ។

ហេតុអ្វីបានជាសហគមន៍អន្តរជាតិ បូករួមទាំងប្រជាជនជប៉ុន ខ្លួនឯងសុទ្ធតែមានប្រតិកម្មប្រឆាំង យ៉ាងខ្លាំងក្លាបែបនេះ ? ជាបឋម យើងមកឈ្វេងយល់ ពីផលប៉ះពាល់នៃសារធាតុវិទ្យុសកម្ម ដែលកើតចេញ ពីការបែកធ្លាយ នៃសារធាតុនុយក្លែអ៊ែរ ។

សារធាតុវិទ្យុសកម្មអាចបំផ្លាញ កោសិកានិងDNAរបស់មនុស្សនិងសត្វ ធ្វើឱ្យសមត្ថភាព ប្រព័ន្ធស៊ាំធ្លាក់ចុះ បំផ្លាញប្រព័ន្ធប្រសាទ ពិសេសធ្វើឱ្យប៉ះពាល់ ដល់សុខភាពស្ត្រីមានផ្ទៃពោះ ដែលធ្វើឱ្យទារកកើតមកមាន រូបរាងខុសប្រក្រតី និងអាចបង្កជាជំងឺមហារីក ។ល។

ចំណុចទីពីរយើងមកឈ្វេង យល់ពីផលប៉ះពាល់ជាក់ស្តែង នៃសារធាតុវិទ្យុសកម្ម ដែលកើតចេញពីការសាយភាយ សារធាតុនុយក្លេអែរ ។ កាលពីឆ្នាំ ២០១១ ឧប្បត្តិហេតុ ផ្ទុះរោងចក្រ អគ្គិសនីដើរ ដោយថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ាទី ១ បានធ្វើឱ្យពលរដ្ឋជប៉ុន ដែលរស់នៅជុំវិញ កន្លែងកើតហេតុ កើតមាន ជំងឺកម្រជាច្រើន ពិសេសអត្រា នៃទារកដែលកើតមកមានរូបរាង ខុសប្រក្រតី បានកើនឡើងយ៉ាងខ្លាំង ។ ក្រៅពីនេះ សត្វសមុទ្រនៅទីនោះក៏រង ផលប៉ះពាល់ផងដែរ អ្នកនេសាទនិងពលរដ្ឋ ដែលបានបរិភោគសត្វសមុទ្រ នៅទីនោះក៏កើតមានបញ្ហាសុខភាព ជាបន្តបន្ទាប់ ។

ប្រសិនជាជប៉ុន បង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះវានឹងបង្កជាគ្រោះថ្នាក់ជាលើកទី ២ ហើយគ្រោះថ្នាក់នេះគឺមិនអាចស្រោចស្រង់បានទេ ដែលវានឹង ស្ថិតមានជាដរាប ។ ពីព្រោះថា ប្រសិនជាសារធាតុវិទ្យុសកម្ម បានជ្រាបចូលទៅក្នុងសមុទ្រ បរិស្ថានសមុទ្រនឹងត្រូវបំផ្លាញ សត្វសមុទ្រនឹងរង គ្រោះជាបន្តបន្ទាប់ ហើយមនុស្សជាតិ ដែលទាញផល ពីសមុទ្រក៏ត្រូវរងផលប៉ះពាល់ ទាំងសុខភាពនិងសេដ្ឋកិច្ចផងដែរ ។

អ្វីដែលគួរបញ្ជាក់គឺផលប៉ះពាល់ដ៏អាក្រក់នេះ វាមិនមែន សំដៅតែប្រជាពលរដ្ឋជប៉ុននោះទេ គឺវាប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអាយុជីវិត របស់ប្រជាជន នៃប្រទេសជុំវិញ មហាសមុទ្រប៉ាស៊ីហ្វិក ដែលមានន័យថា ទាំងបរិស្ថានធម្មជាតិ និងមនុស្សជាតិសុទ្ធ តែត្រូវរងផលប៉ះពាល់យូរ អង្វែងពីសកម្មភាពបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្ររបស់ជប៉ុន ។

មិនថារដ្ឋាភិបាលឬប្រជាជន ជប៉ុននោះទេ សុទ្ធតែដឹងច្បាស់ពីឥទ្ធិពលអវិជ្ជមាន នៃសារធាតុវិទ្យុសកម្ម ដែលកើតចេញពីការបែកធ្លាយសារធាតុនុយក្លេអ៊ែរ ហើយសហគមន៍អន្តរជាតិ ក៏បាននាំគ្នាដាស់តឿនឱ្យរដ្ឋាភិបាល ជប៉ុនគិតពិចារណាឱ្យបានហ្មត់ចត់ និងស្វែងរកដំណោះស្រាយផ្សេង ដែលអាចកាត់បន្ថយ ផលប៉ះពាល់ឱ្យដល់កម្រិតអប្បបរមា ។ ប៉ុន្តែចុះហេតុអ្វីបានរដ្ឋាភិបាលជប៉ុននៅតែទទូចអនុវត្តផែនការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រទៀត ?

កត្តាចម្បងគឺជប៉ុនយល់ ឃើញដោយខ្លួនឯងថា ចំណាត់ការចំពោះទឹកសំណល់ នុយក្លេអ៊ែរ វាជាកិច្ចការ«ផ្ទៃក្នុង»របស់ជប៉ុន ដូច្នេះជប៉ុនសម្រេចចិត្ត បែបណាវាជា«រឿងរបស់ជប៉ុន» ។ តើវាពិតទេ ដែលថារឿងនេះវាជា«រឿងផ្ទៃក្នុង» របស់ជប៉ុន ? ចម្លើយគឺច្បាស់ណាស់ ប្រសិនជាជប៉ុនចាត់ចែងទឹក សំណល់នុយក្លេអ៊ែរ ដោយមិន បង្កផល ប៉ះពាល់ដល់អ្នកដទៃ នោះវាជារឿងផ្ទាល់ខ្លួន របស់ជប៉ុន តែជប៉ុនសម្រេចចិត្តបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរចូល សមុទ្រ ដែលនឹងបង្កគ្រោះ មហន្តរាយ ដល់បរិស្ថានសមុទ្រដែលមិនអាចស្រោច ស្រង់បានជាដរាប ក៏ដូចជាបង្កគ្រោះថ្នាក់ ដល់សុខភាព របស់ប្រជាជនដែលរស់នៅជុំវិញ នោះវាមិនមែនជា«រឿងផ្ទាល់ខ្លួន»របស់ជប៉ុនទៀតទេ ។

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា បរិស្ថានសមុទ្រជាបរិស្ថាន សាធារណៈ ដែលពាក់ព័ន្ធនឹងផល ប្រយោជន៍និងជោគវាសនា របស់ប្រទេសជាច្រើន ។ អាស្រ័យហេតុនេះ ការដែលចាត់ វិធានការបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ គឺជាទង្វើអាត្មានិយមបំផុត ដែលចង់យករួចតែខ្លួន ។ ប៉ុន្តែអ្វីដែលគួរឱ្យរំឮកនោះគឺ ដំណោះស្រាយរបស់ជប៉ុន វាមិនត្រឹមតែប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រទេសជិតខាងនោះទេ វាថែមទាំងបង្កគ្រោះថ្នាក់ ដល់សុខភាពរបស់ប្រជាជន ជប៉ុនផងដែរ ។
សហគមន៍អន្តរជាតិនិង ពលរដ្ឋជប៉ុនបានដាស់តឿន និងអំពាវនាវ ដល់រដ្ឋាភិបាលជប៉ុន ម្តងហើយម្តងទៀត ឱ្យស្វែង រកដំណោះស្រាយ ដែលកាន់តែមានប្រសិទ្ធភាព សុវត្ថិភាពនិងមាន ហានិភ័យទាប ព្យាយាមឱ្យអស់ ពីលទ្ធភាពដើម្បីកាត់បន្ថយផល ប៉ះពាល់ឱ្យដល់កម្រិតអប្បបរមា ។ ជប៉ុនគួរតែស្តាប់សំឡេង អំពាវនាវបស់ប្រជាជនខ្លួនឯង ស្តាប់ការដាស់តឿន របស់សហគមន៍អន្តរជាតិ ធ្វើការពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដ៏សមរម្យ ដែលជាការរួមចំណែកដល់ការការពារបរិស្ថានធម្មជាតិ និងសុខភាពសាធារណៈ ពិសេសសុខភាព របស់ប្រជាពលរដ្ឋជប៉ុន ផ្ទាល់តែម្តង កុំដើរខុសមួយជំហាន ដែលនាំឱ្យអន្តរាយទាំងខ្លួនឯង និងអ្នកដទៃ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top