ព័ត៌មានអន្តរជាតិ

Update៖ ព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ា សម្លាប់មនុស្សរហូតដល់១៤០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង១៤០នាក់ហើយ គិតត្រឹមរសៀលថ្ងៃសុក្រ ក្រុមការងារព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ហៅកាត់ថា (SAC) បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ។

ក្រុមព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្លាប់មានចំនួន៩៧នាក់ត្រូវបានរាយការណ៍ថ្មី បូករួមទាំងអ្នកស្រុកចំនួន៦នាក់ និង៩១នាក់មកពីជំរុំអ្នកផ្លាស់ទីលំនៅ ។

ព្យុះស៊ីក្លូន Mocha បានបំផ្លាញផ្ទះចំនួន១៨៣.០២៤ខ្នង អគារសាសនាចំនួន១.៧១១ខ្នង វត្តចំនួន៥៩ សាលារៀនចំនួន ១.៣៩៧ មន្ទីរពេទ្យ ឬគ្លីនិកចំនួន២២៧កន្លែង អគារទូរគមនាគមន៍ចំនួន១១ បង្គោលភ្លើងចំនួន១១៩ដើម អាកាសយានដ្ឋានចំនួន២ និងអគារមន្ទីរចំនួន៣៤០ ។

តំបន់ និងរដ្ឋដែលរងការវាយប្រហារដោយព្យុះ Mocha រួមមាន រ៉ាឃីន អៃយ៉ារវ៉ាឌី បាហ្គោ រ៉ងហ្គូន ម៉ាវ៉េ សាយហ្គាង ឈិន ម៉ាន់ដាឡៃ ម៉ន សាន និងតំបន់ក្រុមប្រឹក្សាណៃពិដោរ ផងដែរ ។

អាជ្ញាធរមូលដ្ឋានបានសហការជាមួយក្រុមសង្គ្រោះបន្ទាន់ និងក្រុមសង្គ្រោះក្នុងតំបន់នៅតំបន់ដែលរងគ្រោះដោយព្យុះស៊ីក្លូន បន្ទាប់ពីការប្រកាសតំបន់ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយធម្មជាតិសម្រាប់១៧ ទីប្រជុំជនក្នុងរដ្ឋរ៉ាឃីន និងទីប្រជុំជនចំនួន ៤ ក្នុងរដ្ឋឈិន ។

ព្យុះ Mocha បានបោកបក់មកលើដីគោកនៅជិតក្រុង Sittwe ក្នុងរដ្ឋរ៉ាឃីនភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ដោយមានខ្យល់បក់រហូតដល់១៣០ម៉ាយក្នុង១ម៉ោង ប្រហែល២០៩គីឡូម៉ែត្រក្នុង១ម៉ោង និងបានបោកបក់ទូទាំងប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top