ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ព្រមាន​អាមេរិក ​ពី​ការ​សងសឹក​ចុងក្រោយ ​ចំពោះ​ការ​ធ្វើ​ឃាត​លោក Soleimani

តេអេរ៉ង់៖ មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ បានឲ្យដឹងថា ការសងសឹកចុងក្រោយរបស់អ៊ីរ៉ង់ លើសហរដ្ឋអាមេរិក ចំពោះការធ្វើឃាត មេបញ្ជាការកំពូល របស់ប្រទេស Qassem Soleimani មិនទាន់មកដល់នៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា លោក Hossein Salami ដែលជាមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា ក្នុងពិធីរំលឹកខួបមួយនៅក្នុងខេត្ត Isfahan ភាគកណ្តាល។

ដោយបាននិយាយលម្អិតអំពីការសងសឹករបស់ទីក្រុងតេអេរ៉ង់ ចំពោះការធ្វើឃាតរបស់សហរដ្ឋអាមេរិកលើលោក Soleimani ក្នុងខែមករា ឆ្នាំ២០២០ លោក Salami បានឲ្យដឹងថា អ៊ីរ៉ង់បាន “ទះកំផ្លៀង” ជាលើកដំបូងដោយការបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាមេរិក Ain al-Asad ក្នុងខេត្ត Anbar នៃប្រទេសអ៊ីរ៉ាក់តែប៉ុន្មានថ្ងៃបន្ទាប់ពីការស្លាប់របស់លោក Soleimani ។

មេបញ្ជាការរូបនេះបានឲ្យដឹងថា “ការទះកំផ្លៀងទីពីរ គឺគ្មានអ្វីក្រៅពីការដកខ្លួនបន្តិចម្តង ៗ របស់សហរដ្ឋអាមេរិកចេញពីតំបន់” ដោយកត់សម្គាល់ថា “ការទះទីបី” មិនទាន់ត្រូវបានផ្តល់ឱ្យនៅឡើយទេ។

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោធាអាមេរិកបានធ្វើឃាតលោក Soleimani ក្នុងការវាយប្រហារដោយយន្តហោះដ្រូន នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ។ ការធ្វើឃាតនេះត្រូវបានថ្កោលទោសដោយប្រទេសអ៊ីរ៉ង់ថា ជា “ភេរវកម្មរដ្ឋ” ។

នៅក្នុងខែមករា ឆ្នាំនេះ មន្ត្រីតុលាការជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា ជនជាតិអាមេរិកចំនួន ៩៤ នាក់ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការធ្វើឃាតលោក Soleimani ដោយសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ នឹងមានអភ័យឯកសិទ្ធិ ពីការកាត់ទោសក្នុងករណីនេះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top