ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសថៃ៖ អាមេរិក បដិសេធក្រៅផ្លូវការសំណើរបស់ថៃ ក្នុងការទិញយន្តហោះចម្បាំង F-35

បរទេស៖ ប្រភពពីកងទ័ពអាកាសថៃបាននិយាយថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបដិសេធក្រៅផ្លូវការ ការប៉ុនប៉ងរបស់ប្រទេសថៃដើម្បីទិញយន្តហោះចម្បាំង F-35 ប៉ុន្តែអាមេរិក គឺជំនួសមកវិញនូវយន្តហោះចម្បាំង F-16 Block 70 និង យន្តហោះ F-15 eagle ខណៈការឆ្លើយតបផ្លូវការ នឹងត្រូវធ្វើឡើងនៅខែកក្កដា។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពបាននិយាយថា សាររបស់មន្ទីរបញ្ចកោណត្រូវបានបញ្ជូនដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Robert F Gordec នៅពេលដែលលោកបានទូរស័ព្ទទៅមេទ័ពអាកាសថៃ Alongkorn Wannarot នៅទីស្នាក់ការកណ្តាលរបស់កងទ័ពអាកាសថៃ (RAF) នៅដុនមឿងកាលពីពីរសប្តាហ៍មុន។

ប្រភពដដែលបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកមានទស្សនៈថា កម្លាំងទ័ពអាកាសថៃប្រហែលជាមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យន្តហោះ F-35 ជាពិសេសសន្តិសុខមូលដ្ឋានអាកាស ទីលានយន្តហោះ, ការថែទាំ, អ្នកបើកយន្តហោះ និងបុគ្គលិកផ្សេងៗទៀត។

សហរដ្ឋអាមេរិកមិនបានបដិសេធទាំងស្រុងនូវសំណើរបស់ប្រទេសថៃក្នុងការទិញយន្តហោះចម្បាំងប្រភេទ F-35 ហើយនឹងពិចារណាឡើងវិញនៅពេលដែល RTAF បានត្រៀមខ្លួនរួចរាល់ ប្រហែលជាក្នុងរយៈពេលប្រាំទៅដប់ឆ្នាំខាងមុខ។ ប្រភពដដែលបន្តថា អាមេរិកក៏បានជំនួសមកវិញ នូវការលក់យន្តហោះចម្បាំង F-16 Block 70 និង F-15 eagle ទៅប្រទេសថៃវិញ៕ប្រែសម្រួលៈ ណៃ តុលា

To Top