បរទេស ៖ មន្ត្រីយោធាជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងមិនទទួលបានជ័យជំនះ ផ្នែកយោធានៅអ៊ុយក្រែន នោះទេ ហើយកងកម្លាំងរបស់ទីក្រុងគៀវ ទំនងជាមិនអាចវាយបកឲ្យកងទ័ពរុស្ស៊ី ទាំងអស់ចេញពីទឹកដីរបស់ពួកគេ នៅពេលណាមួយក្នុងពេលឆាប់ៗនេះដែរ។
ឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការ ចម្រុះអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ “សង្គ្រាមនេះជាផ្នែកយោធានឹងមិនឈ្នះដោយរុស្ស៊ីនោះទេ វាមិនអញ្ចឹងទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
គោលដៅយុទ្ធសាស្ត្រដើមរបស់រុស្ស៊ី រួមទាំងការផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ “មិនអាចសម្រេចបាន ដោយយោធានោះទេ” លោក Milley បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំនិម្មិតនៃប្រទេសរាប់សិប ដែលជាសមាជិក នៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា ជាក្រុម Ramstein ។
លោក Milley បានលើកឡើងថា មានទាហានរុស្ស៊ីរាប់សែននាក់ នៅក្នុងអ៊ុយក្រែនផងដែរ ដែលនឹងធ្វើឱ្យគោលបំណង របស់ទីក្រុងគៀវ ក្នុងការដណ្តើមយកទឹកដីទាំងអស់ ដែលបានបាត់បង់ទៅឱ្យកង កម្លាំងរបស់ទីក្រុងម៉ូស្គូ ទំនងជាមិនអាចកើតមាន “ក្នុងរយៈពេលដ៏ខ្លី” បានឡើយ។
លោកបានបន្ដថា “នោះមានន័យថា ការប្រយុទ្ធនឹងបន្ត វានឹងបង្ហូរឈាម វានឹងពិបាក។ ហើយនៅពេលណាមួយ ភាគីទាំងពីរនឹងចរចារកដំណោះស្រាយ នោះពួកគេនឹងឈានដល់ការសន្និដ្ឋានផ្នែកយោធា”។
ការវាយតម្លៃរបស់លោក Milley បន្ថែមទៅលើការព្យាករណ៍មួយចំនួន ដែលថាសង្រ្គាមនៅអ៊ុយក្រែន ហាក់ដូចជាអូសបន្លាយ ដោយភាគីទាំងសងខាងមិនមាន ជំហរក្នុងការទទួលជ័យជម្នះ យ៉ាងច្បាស់លាស់ និងគ្មានការចរចា ដែលកំពុងកើតឡើងនៅពេលនេះទេ៕
ប្រែសម្រួល ឈូក បូរ៉ា