ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធ​ការ​ទទួល​បាន​ ទិន្នន័យ​សេដ្ឋកិច្ច​ ដែល​ចាត់​ថ្នាក់​របស់ IMF ដោយ​សារ​តែ​ ទណ្ឌកម្ម​របស់​អាមេរិក

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ធនាគារិកកំពូលរបស់អ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនអាចផ្តល់ឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នូវលទ្ធភាពទទួលបានទិន្នន័យសេដ្ឋកិច្ច មួយចំនួនរបស់ខ្លួនដែលបានចាត់ថ្នាក់នោះទេ ដោយសារតែការដាក់ទណ្ឌកម្ម “ឯកតោភាគី និងខុសច្បាប់” របស់សហរដ្ឋអាមេរិក។

លោក Mohammad Reza Farzin ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងអ្វីដែលលោកហៅថាកិច្ចប្រជុំ “ស្ថាបនា” ជាមួយលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងរបស់ IMF នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដែលលោក Farzin ក៏បានសម្តែងការពេញចិត្ត ចំពោះការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរបស់អ៊ីរ៉ង់ ជាមួយអង្គការនេះ បន្ទាប់ពីរយៈពេល នៃការផ្អាកកិច្ចសហប្រតិបត្តិការ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ នឹងនៅតែផ្តល់ឱ្យ IMF នូវរបាយការណ៍ចាំបាច់ នៃស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Farzin បានសម្តែងក្តីសង្ឃឹមថា គោលនយោបាយរបស់ប្រទេសអ៊ីរ៉ង់  នឹងជំរុញឱ្យអតិផរណារបស់ខ្លួនធ្លាក់ចុះមកត្រឹម ៣០ភាគរយក្នុងឆ្នាំប្រតិទិនអ៊ីរ៉ង់ បច្ចុប្បន្នដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ ។

ជាមួយគ្នានេះ នាយកគ្រប់គ្រងរបស់ IMF បានឲ្យដឹងផងដែរថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមឡើងវិញ នៃអន្តរកម្មរវាងធនាគារកណ្តាលអ៊ីរ៉ង់ជាមួយទីភ្នាក់ងារហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ៕

To Top