ព័ត៌មានអន្តរជាតិ

អភិបាលក្រុង៖ អ៊ុយក្រែន បាញ់គ្រាប់កាំភ្លើងធំជាង៥០០គ្រាប់ លើតំបន់ Belgorod

បរទេស៖អភិបាលក្រុង Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបានបាញ់ផ្លោងគ្រាប់កាំភ្លើង ធំជាង៥០០គ្រាប់ ក្បែរព្រំដែនជាមួយនឹងរុស្សី ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដល់អ្នកណាម្នាក់ឡើយ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើបណ្តាញ Telegram លោកបានបន្តថាគ្រាប់កាំភ្លើងធំប្រមាណជា៤៦០គ្រាប់បានបាញ់សំដៅត្រឹមតែស្រុក Shebekino មួយប៉ុណ្ណោះខណៈដែលប្រមាណជា៦០គ្រាប់ ទៀតត្រូវបានបាញ់លើទីតាំងផ្សេងចេញពីយន្តហោះដ្រូន។

ក្នុងនោះផងដែទីតាំងស្នាក់នៅបណ្តោះអាសន្ន Novaya Tavolzhanka ដែលស្ថិតនៅក្នុងស្រុកជាមួយគ្នានេះ បានទទួលរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ប្រមាណជា៥៧ លើកក្នុងនោះធ្វើឲ្យមានការខ្ទេចខ្ទីដល់លំនៅដ្ឋានពលរដ្ឋប្រមាណជា១០ កន្លែង៕

គួរឲ្យដឹងដែរថា ការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនបានបន្តធ្វើឡើងជាច្រើន ថ្ងៃមកហើយរហូតដល់ថ្ងៃពុធម្សិលមិញនេះប៉ុន្តែហាក់មិនទទួល បានភាពជោគជ័យកន្លែងណាមួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top