ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក យល់ពីការសម្លុត និងការបំភិតបំភ័យ ប្រសើរជាងប្រទេសដទៃទៀត នៅក្នុងពិភពលោក ហើយមិនមានកន្លែង សម្រាប់ប្រទេសចិន ដើម្បីទទួលយក ឬថយក្រោយឡើយ នៅពេលនិយាយអំពី ការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ ពីមន្ត្រីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការអនុវត្តនាពេលថ្មីៗនេះ នៃនាវាយោធារបស់ចិន នៅក្នុងច្រកសមុទ្រតៃវ៉ាន់។
លោកបានលើកឡើងថា វាត្រូវបានគេរាយការណ៍ថា កាលពីឆ្នាំមុន យន្តហោះស៊ើបការណ៍ដ៏ធំរបស់សហរដ្ឋអាមេរិក បានធ្វើការហោះហើរជិតជាង ៨០០ ដើម្បីឈ្លបយកការណ៍លើប្រទេសចិន។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក ក៏បានបញ្ជូនក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះ ទៅកាន់សមុទ្រចិនខាងត្បូង និងតំបន់ក្បែរនោះជាច្រើនដង។
លោកបន្ដថា “ដោយបង្ហាញនូវសមត្ថភាព ខាងយោធារបស់ខ្លួន សហរដ្ឋអាមេរិក មានចេតនាបញ្ចេញសាច់ដុំ និងរំលោភលើអធិបតេយ្យភាពនៃប្រទេសដទៃទៀត។ នេះគឺជាការគំរាមកំហែង និងការបំភិតបំភ័យយ៉ាងល្អបំផុត។ នេះជាប្រភពនៃហានិភ័យ និងសន្តិសុខដែនសមុទ្រ និងផ្លូវអាកាស និងគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”។
លោកបានបន្ថែមថា ប្រឈមមុខនឹងការបង្កហេតុខាងយោធារបស់អាមេរិក ចិនបានឆ្លើយតបទៅតាមច្បាប់ និងបទប្បញ្ញត្តិ។ សកម្មភាពទាំងនេះ គឺសមហេតុផល និងស្របច្បាប់ទាំងស្រុង ហើយមិនមានពាក់ព័ន្ធនឹង “ការគំរាមកំហែង” នោះទេ។
លោកបញ្ជាក់បន្ថែមថា នៅពេលដែលនិយាយអំពីការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន វាមិនមានកន្លែង សម្រាប់ប្រទេសចិន ដើម្បីទទួលយក ឬថយក្រោយនោះទេ។ នេះមិនមែនជាករណីសម្លុត ឬការបំភិតបំភ័យឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា