ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់៖ គ្មានអ្វីខុសទេក្នុងការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើរចនាសម្ព័ន្ធ នៅតែនៅដដែល

តេអេរ៉ង់​៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា មិនមានអ្វីខុសទេ ក្នុងការឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលផ្តល់ឱ្យថា ហេដ្ឋារចនាសម្ព័ន្ធបរមាណូរបស់ប្រទេសនេះនៅតែ “នៅដដែល” នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។

មេដឹកនាំកំពូលបានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយក្រុមអ្នកជំនាញនុយក្លេអ៊ែរ និងមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ដោយបានអត្ថាធិប្បាយលើការវិវឌ្ឍន៍ចុងក្រោយបង្អស់ និងវឌ្ឍនភាពនៃកម្មវិធីនុយក្លេអ៊ែរ “សន្តិភាព” របស់អ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមដែលអ៊ីរ៉ង់បានជួបប្រទះក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជុំវិញបញ្ហានុយក្លេអ៊ែរ បានបង្ហាញថា លោកខាងលិចមិនគួរឱ្យទុកចិត្ត ចំពោះការសន្យារបស់ខ្លួន។

លោកបានលើកឡើងថា ការចរចាកន្លងមកជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងប្រទេសមួយចំនួនបានបង្ហាញថា ពួកគេបានបរាជ័យក្នុងការបំពេញការសន្យាជាច្រើន ដែលពួកគេបានផ្តល់ឱ្យអ៊ីរ៉ង់។

លោកបានរំលឹកឡើងវិញថា ប្រទេសអ៊ីរ៉ង់ “មិនស្វែងរកការឆ្ពោះទៅរកការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរទេ បើមិនដូច្នេះទេ សត្រូវនឹងមិនអាចទប់ស្កាត់វាបានឡើយ ព្រោះរហូតមកដល់ពេលនេះ ពួកគេបរាជ័យក្នុងការបញ្ឈប់ ការរីកចំរើននុយក្លេអ៊ែររបស់យើង” ។

មេដឹកនាំកំពូលបានសង្កត់ធ្ងន់ថា ឧស្សាហកម្មនុយក្លេអ៊ែរ ដែលជាឧស្សាហកម្ម ដែលមានសារៈសំខាន់ផ្នែកវិទ្យាសាស្ត្រ និងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន គឺស្ថិតក្នុងចំណោមធាតុ “ជាមូលដ្ឋាន និងសំខាន់” នៃអំណាច និងកិត្យានុភាពរបស់ប្រទេសអ៊ីរ៉ង់ ដែលជាហេតុផល ដែល “សត្រូវ” បានផ្តោតលើ វិស័យថាមពលនុយក្លេអ៊ែររបស់ប្រទេស។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និង IAEA គួរតែត្រូវបានរក្សា ប៉ុន្តែច្បាប់យុទ្ធសាស្ត្រ ដែលបានអនុម័តដោយសភាអ៊ីរ៉ង់ក្នុងឆ្នាំ២០២០ ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មិនត្រូវបំពានឡើយ។

ច្បាប់របស់សភាបានកំណត់ឱ្យរដ្ឋាភិបាល ដាក់កម្រិតលើការ ត្រួតពិនិត្យរបស់ IAEA លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងពន្លឿនការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលើសពីដែនកំណត់ ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។

លោក Khamenei បានបន្ដថា អ៊ីរ៉ង់ សម្រេចបាននូវកម្រិតរីក ចម្រើននាពេលបច្ចុប្បន្នក្នុងឧស្សាហកម្មនុយក្លេអ៊ែរ បើទោះបីជាមានការគំរាមកំហែង និងការធ្វើឃាតអ្នកវិទ្យាសាស្ត្រ បរមាណូរបស់ខ្លួនដោយសត្រូវ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ គួរតែអាចបង្កើតថាមពលនុយក្លេអ៊ែរ ២០០០០ មេហ្គាវ៉ាត់ នាពេលអនាគត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top