ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី ប៊ីលហ្គេត នឹងជួបជាមួយប្រធានាធិបតីចិន នៅថ្ងៃសុក្រ បន្ទាប់ពីនាយកប្រតិបត្តិបរទេស ជាច្រើនបានចូលក្រុងប៉េកាំង ជួបរដ្ឋមន្រ្តីរបស់ចិន

បរទេស ៖ លោក ប៊ីល ហ្គេត (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅថ្ងៃសុក្រ ក្នុងអំឡុងពេលទស្សនកិច្ច របស់លោកទៅកាន់ប្រទេសចិន, នេះបើតាមប្រភពចំនួនពីរ ដែលមានចំណេះដឹង អំពីបញ្ហានេះបាននិយាយ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួបនេះនឹងក្លាយជាការ កត់សម្គាល់ពីកិច្ចប្រជុំលើកដំបូង របស់លោក ស៊ី ប្រធានាធិបតីចិន ជាមួយសហគ្រិនឯកជនបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ គេនិយាយថា ការជួបគ្នានេះអាចជាការ ជួបគ្នាមួយទល់មួយ ។ ប្រភពទីបីបានបញ្ជាក់ថា ពួកគេនឹងជួបគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត ។

ប្រភពមិនបាននិយាយថា តើអ្នកទាំងពីរអាចពិភាក្សាគ្នាយ៉ាងណានោះទេ ។ លោក ប៊ីលហ្គេត បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា លោកបានទៅដល់ទីក្រុងប៉េកាំង ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ហើយថា លោកនឹងជួបជាមួយដៃគូ ដែលបានធ្វើការលើបញ្ហាប្រឈមផ្នែកសុខភាព និងការអភិវឌ្ឍន៍សកល ជាមួយនឹងមូលនិធិ Bill & Melinda Gates ។

លោក ប៊ីលហ្គេត បានលាឈប់ ពីក្រុមប្រឹក្សាភិបាលរបស់ Microsoft ក្នុងឆ្នាំ ២០២០ ដើម្បីផ្តោតលើការងារមនុស្សធម៌ ដែលទាក់ទងនឹងសុខភាព ពិភពលោក ការអប់រំ និងការប្រែប្រួលអាកាសធាតុ ។ លោកបានចាកចេញពីតួនាទីប្រតិបត្តិពេញ ម៉ោងរបស់គាត់នៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ ។

ជំនួបចុងក្រោយរវាងលោក ស៊ី ជិនពីង និងលោក ហ្គេត គឺកាលពីឆ្នាំ ២០១៥ នៅពេលដែលពួកគេបានជួបគ្នានៅខាងក្រៅវេទិកា បូអាវ (Boao) ក្នុងខេត្ត ហៃណាន ។ នៅដើមឆ្នាំ ២០២០ លោក ស៊ី ជិនពីង បានសរសេរសំបុត្រមួយច្បាប់ទៅកាន់លោក ប៊ីលហ្គេត ដោយថ្លែងអំណរគុណដល់លោក និងមូលនិធិ Bill & Melinda Gates សម្រាប់ការសន្យាផ្តល់ជំនួយដល់ប្រទេសចិន រួមទាំងការផ្តល់ថវិកា ៥លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផងដែរ។

កិច្ចជំនួបនេះនឹងជាការបញ្ចប់នៃការផ្អាកដ៏យូរដោយលោក ស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពីការជួបជាមួយសហគ្រិនឯកជន និងអ្នកដឹកនាំធុរកិច្ចបរទេស បន្ទាប់ពីប្រធានាធិបតីចិន បាន ឈប់ធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជិតបីឆ្នាំ ខណៈដែលប្រទេសចិនបានបិទ ព្រំដែនរបស់ខ្លួនក្នុងអំឡុង ពេលជំងឺរាតត្បាត។

នាយកប្រតិបត្តិបរទេស ជាច្រើនបានទៅទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីប្រទេសចិន បានបើកដំណើរការឡើងវិញនៅដើមឆ្នាំនេះ ប៉ុន្តែភាគច្រើនបានជួបជា មួយរដ្ឋមន្ត្រីរដ្ឋាភិបាលជាចម្បង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top