បរទេស៖ យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី Su-25 បានជួបឧប្បទេ្ទវហេតុធ្លាក់នៅក្នុងតំបន់សមុទ្រ Azov កាលពីថ្ងៃចន្ទម្សិលមិញនេះហើយក្នុងនោះពីឡុតក៏បានបាត់បង់ជីវិត ទៅតាមនោះដែរទោះបីជាបានចុចកៅអីបំផ្ទុះចេញពីយន្តហោះក្តីនិងដោយសាររបួសធ្ងន់ធ្ងរពេក។
យោងតាមការចេញផ្សាយរបស់ RT វិដេអូ នៃការកើតហេតុអាចឲ្យគេមើលឃើញថា យន្តហោះបានធ្លាក់ក្រោយការហោះឡើងបានបន្តិច នៅក្បែរទៅនឹងឆ្នេរដោយមានការតាមទស្សនាពីសំណាក់ពលរដ្ឋក្នុងស្រុកដោយផ្ទាល់ផងដែរ។
គេជឿជាក់ថា យន្តហោះចម្បាំង Su-25 នេះបានជួបបញ្ហាម៉ាស៊ីនហើយភ្លាមៗ អ្នកបើកយន្តហោះបានសម្រេចចិត្តចុចប៊ូតុងគេចចេញភ្លាមដែរប៉ុន្តែ ដោយសាររបួសធ្ងន់ធ្ងរពេកទើបធ្វើឲ្យពីឡុតក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះដែរ។
គួរឲ្យដឹងដែរថាយន្តហោះនេះត្រូវបានប្រើប្រាស់ក្នុងវិធីសាស្ត្រ នៃការគាំទ្រផ្លូវអាកាសក្នុងចំងាយជិតៗហើយវាត្រូវបានប្រើប្រាស់យ់ាងសកម្មនៅក្នុងជម្លោះអ៊ុយក្រែន ដោយភាគីទាំងពីរ។ កាលពីខែកុម្ភៈ យន្តហោះ Su-25 របស់រុស្ស៊ីម្តងដែរបានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងតំបន់ Belgorod ភាគនិរតីរបស់ប្រទេស៕ ប្រែសម្រួល៖ស៊ុនលី